ភ្នំព្រះទីកម្សាន្តដែលអ្នកទេសចរបែបផ្សេងព្រេង ព្រៃភ្នំ តែងប្រាថ្នាចង់ទៅដល់
(ពោធិ៍សាត់)៖ តាមរយៈព្រៃភ្នំ ទេសភាព ផ្កាចម្រុះ សត្វព្រៃ និង អាកាសធាតុដ៏ត្រជាក់បានធ្វើឱ្យភ្នំខ្នងព្រះ ក្លាយជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញ ក្នុង ឃុំ ថ្មដា ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ កំពុងស្ថិតក្នុងក្តីប្រាថ្នាចង់ធ្វើដំណើរកម្សាន្តរបស់អ្នកទេសចរប្រុសស្រីដែលចូលចិត្តបែបការកម្សាន្តផ្សងព្រេង។

ភ្នំខ្នងព្រះ ឬអ្នកស្រុកហៅត្រឹមតែថាភ្នំព្រះ ដោយសារតែប្រជាពលរដ្ឋអ្នកស្រុកបានហៅតៗគ្នា ព្រោះសម្គាល់ទៅលើសណ្ឋានជួរភ្នំដែលមានរាងដូចព្រះពុទ្ធនិព្វាន កាលបើគេមើលពីខាងក្រោមភ្នំទៅ។

ជាមួយដំណើរ ទៅលើខ្នងភ្នំ ដែលអ្នកទេសចរត្រូវដើរថ្មើរជើង ប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។អ្នកទេសចរម្នាក់ៗចាំបាច់ណាស់ត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល បប្រតោងខ្សែឡើងចំណោត ចុះចំណោត ព្រៃឈើក្រាស់ៗថែមទៀត។តាមដងផ្លូវដ៏វែងឆ្ងាយដោយប្រើពេលចាប់ពី៥ម៉ោងទៅ៨ម៉ោងតាមដំណើរលឿនឬយឺតទើបគេឡើងទៅដល់កំពូលភ្នំ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់បានប្រាប់ពីទីកម្សាន្តកន្លែងនេះដើមឡើយពុំសូវមានការចាប់អារម្មណ៍នោះទេ ប៉ុន្តែចាប់ពីឆ្នាំ ២០២០មកទីកន្លែងនេះត្រូវបានគេចាប់អារម្មណ៍ចូលមកទស្សនាទាំងអ្នកទេសចរបរទេសរួមទាំងពលរដ្ឋកម្ពុជាផងដែរ។
អ្នកនាំផ្លូវ និងក៏ជាអ្នកមគ្គុទ្ទេសក៍ ប្រចាំមូលដ្ឋានដែលបានត្រួសត្រាយទីកម្សាន្តភ្នំព្រះ ដ៏សំខាន់មួយរូបនេះបានប្រាប់ថាភ្ញៀវទេសចរ អាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។បន្ថែមលើនោះពេលព្រឹកយើងអាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើងអាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីអ្នកទេសចរនឹងបានសម្រាកនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ។
លោក សាវ ធីមបានប្រាប់ដែរថាក្នុងពេលរាត្រី អ្នកទេសចរអាចបរិភោគជាមួយអាហារសហគមន៍ ក្នុងនេះមានដូចជាសម្ល ស្លឹកម្ជូរល្មម ដែលជាសម្លប្រចាំត្រកូលរបស់សហគមន៍លោក អាំងសាច់ ដុតដំឡូង អាំងពោតជាដើម។ក្រៅពីនេះក៏គេអាចទស្សនាសត្វព្រៃដែលមកស៊ីអាហារពេលរាត្រី ដូចជាសត្វ សត្វប្រមោញ និងសត្វខ្ទីនដែលជាសត្វកម្រដោយទស្សនាផ្ទាល់ភ្នែកថែមទៀត។រាល់សកម្មភាពទាំងនេះពិតជាធ្វើឱ្យអ្នកទេសចរមិនអាចបំភ្លេចបានសោះឡើយ។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងនាកន្លងមកថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
គួរបញ្ជាក់ថាបើតាម លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថាកាលបើ អ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិននឿយហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ មានផ្ទាំងថ្មធំៗ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំង ដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលវេលា៕
ដោយ ៖ ម៉ាដេប៉ូ
