លោក Zelensky ចោទរុស្ស៊ីចង់អូសបន្លាយសង្រ្គាម

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃអង្គារ បានចោទប្រកាន់រុស្ស៊ីថា ខ្វះការតាំងចិត្តខ្ពស់ក្នុងកិច្ចចរចាសន្តិភាព ហើយចង់បន្តការឈ្លានពានតទៅមុខទៀត ទោះបីអាមេរិកជំរុញឱ្យមានការឈប់បាញ់ក៏ដោយ។

លោក Zelensky បានបង្ហោះវីដេអូលើបណ្តាញសង្គមថា ច្បាស់ណាស់ រុស្ស៊ីកំពុងព្យាយាមទិញពេលវេលាថែមទៀត ដើម្បីបន្តសង្រ្គាម និងការទន្ទ្រានកាន់កាប់ទឹកដីអ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច រាល់ទម្រង់នៃការចរចាណាមួយឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា។ ហើយប្រសិនបើរុស្ស៊ីបន្តដាក់ចេញនូវលក្ខខណ្ឌមិនប្រាកដប្រជា និងធ្វើឱ្យខូចដល់វឌ្ឍនភាព នោះពួកគេត្រូវតែប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយទូរស័ព្ទទាំងជាមួយលោក Zelensky និងលោក Putin ទាក់ទិនសង្រ្គាមអ៊ុយក្រែន កាលពីថ្ងៃចន្ទ ហើយមន្រ្តីរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្រាប់ការចរចាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ។

ប៉ុន្តែកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបានបរាជ័យ ក្នុងការទទួលបានបទឈប់បាញ់ ហើយលោក Zelensky បានចោទប្រកាន់លោក Putin ថា បានបញ្ជូនមន្រ្តីតូចតាចប៉ុណ្ណោះមកចរចា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner