ចម្លាក់អវលោកេស្វរៈ មានដៃឬព្រហស្ថ១០ នៅប្រាសាទបន្ទាយឆ្មារ ជាចំណុចទាក់ទាញទេសចរខ្លាំង

បន្ទាយមានជ័យ៖ប្រាសាទបន្ទាយឆ្មារ ចំណុចដែលទាក់ទាញភ្ញៀវបំផុត គឺរូប​ចម្លាក់​អវលោកេស្វរៈ មានដៃឬព្រហស្ថ១០​ឆ្លាក់​ជាប់ជញ្ជាំងរោងទងទី៣នៃប្រាសាទបន្ទាយឆ្មារ ។ដោយសារភាព​លេចធ្លោនៃ​ចម្លាក់នេះបានធ្វើឱ្យភ្ញៀវទាំង​ឡាយ​ដែលពុំទាន់បានមកទស្សនាប្រាសាទបន្ទាយឆ្មា តែងតែប៉ងប្រាថ្នា​ចង់ឃើញដោយ​ផ្ទាល់។

ប្រាសាទបន្ទាយឆ្មារ ឋិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោក យង់ តាំងកួយ ប្រធាន​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅតាមរោងទងនីមួយៗ នៃប្រាសាទបន្ទាយឆ្មារ បុព្វបុរស​យើងបានឆ្លាក់នូវតថភាពប្រវត្តិសាស្ត្រដែលបានឆ្លុះបញ្ចាំងជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងសិល្បៈ​វប្បធម៌​ជាតិ រួមទាំងការធ្វើសេដ្ឋកិច្ច នយោបាយដឹកនាំគ្រប់គ្រងព្រះនគរនាយុគសម័យ រាជព្រះបាទជ័យវរ្ម័នទី៧ ។ លោកបន្តថា ក្នុងចំណោមរូបចម្លាក់ទាំងអស់នោះ អវលោកេស្វរៈ មានដៃឬព្រហស្ថ១០ នៅប្រាសាទបន្ទាយឆ្មារ បានទាក់ទាញ​អ្នកមក​ទស្សនាគ្រប់ៗគ្នា ថែមទាំងបានគោរព បូជា និងធ្វើពិធីបន់ស្រន់ផ្សេងៗទៅតាមជំនឿរបស់ពួកគេ។

ចំណែក លោក តាត់ សុផល ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារបានគូសរំលេចថា ព្រះពោធិសត្វអវលោកេស្វរៈ ដែល​មានដៃឬ ព្រះហស្ថទាំង១០ នេះ តំណាងឱ្យទិសទាំង៨ និងទិសពីរទៀត គឺទិសខាងក្រោម និងទិសខាង។ មានន័យថា ព្រះអង្គអាចជួយដល់មនុស្ស សត្វ ពពួកទេវតា គ្រប់ពីកន្លែងទាំងអស់ នៅលើចក្រវាលយើងនេះ ។

លោក​បន្ថែមថា ម៉្យាងវិញទៀតអវលោកេស្វរៈជាព្រះពោធិសត្វមួយអង្គ ដែលមានព្រះទ័យ ប្រកបដោយព្រហ្មវិហារធម៌ ទាំងបួនគឺ មេត្តា ករុណា ឧបេក្ខា មុទិតា ជួយដល់ឋានទាំងបី រួមមាន ឋានបាដាល ឋានមនុស្សលោក និងឋានសួគ៌។ ព្រះអង្គគង់នៅលើកចក្រវាល ចាំជួយដល់ពពួកមនុស្ស សត្វ ទេវតា គ្រប់ទីកន្លែងទាំងអស់ដែលបានធ្វើអំពើល្អ ។ ព្រះភក្រ្ត អវលោកេស្វរៈ បែរទៅទិសខាងលិច ទើបបានជាបុព្វបុរសយើងលោកបានឆ្លាក់នៅរោងទងខាងលិចឆៀងខាងត្បូងនេះ ដែលមានសរសេរនៅក្នុងសាស្ត្រាស្លឹករឹត ព្រះត្រៃបិតក។

លោក តាត់ សុផល បានបញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ធ្វើការជួសជុល ផ្នែកខ្លះៗនៃប្រាសាទបន្ទាយឆ្មារនេះឡើងវិញនៅឆ្នាំ២០២២រហូតមក ក្នុងនោះបានផ្តោត​លើ​ការជួស​ជុល​រោងទងទី៣ខាងលិចស្លាបខាងត្បូង ដែលរៀបរាប់មកនេះ ហើយក៏បានបន្តជួសជុលរោង​ទង​ទី៣ខាង​ជើង​ស្លាបខាងលិច ដែលបានដួលរលំស្ទើរទាំងស្រុងប្រវែងប្រហែល១០០ម៉ែត្រ ហើយត្រូវបាន​សម្ពោធកាលពេល​ថ្មីៗ​កន្លងមកនេះ ដែល​រាល់ការជួសជុលប្រព្រឹត្តទៅក្រោមការចូលរួមឧបត្ថម្ភពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ផងដែរ៕
ដោយ៖គៀន ច័ន្ទហ៊ីន

ads banner