ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់​កម្មសិទ្ធអចលនវត្ថុចំនួន២២១បណ្ណ ជូនប្រជាពលរដ្ឋនៅឃុំ​កាហែង

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋា​ភិបាល​ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២០ ខែឧសភានៅ​សាលាឃុំកាហែង បានអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចល​ន​វត្ថុជូនប្រជាពលរដ្ឋ មកពី៧ភូមិ នៃឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន២២១បណ្ណ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងក្រៃលែង​ចំពោះ​ឯកឧត្តម​ ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ​ប្រជា​ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ជាពិសេសលើការងារ​ចុះ​បញ្ជីកម្មសិទ្ធ​ដីធ្លី ដែលជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ភាព​ស្រប​ច្បាប់នូវការ​កាន់កាប់ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមត្រេកអរជាមួយ​ប្រជាពល​រដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធ និងបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ ជាពិសេសក្រុមការងារទាំងអស់ នៃ​ក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺក្នុងការជំរុញការចុះបញ្ជីដីធ្លី ជូនប្រជា​ពលរដ្ឋបានឆាប់រហ័សឈានទៅដល់ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុនាពេលនេះ៕

ដោយ៖ ម៉ុន សំអាត

ads banner