អឺរ៉ុបនិងអង់គ្លេសរួមគ្នាដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី លែងរង់ចាំលោក Trump

បរទេស៖ អឺរ៉ុបនិងអង់គ្លេស ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់អាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចរួមដៃគ្នា ដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី ដោយមិនរង់ចាំការសម្រេច ពីលោកប្រធានាធិបតី Donald Trump ក្នុងការចូលរួមដាក់ទណ្ឌកម្ម ឬ អត់នោះទេ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។

អឺរ៉ុប និង រដ្ឋាភិបាលក្រុងឡុងដ៍ បានអះអាងថា ទណ្ឌកម្មថ្មីៗនេះ ដាក់ចំពោះបណ្តាក្រុមហ៊ុនហិរញ្ញវត្ថុ និង ក្រុមហ៊ុននាវាដឹកប្រេង ដែលសហការជាមួយទីក្រុងមូស្គូ កន្លងមក ហើយគេជឿថា ជាដៃគូ ដែលធ្លាប់ជួយឲ្យរុស្ស៊ី អាចដកដង្ហើមបាន ទោះមានទណ្ឌកម្ម បន្តបន្ទាប់ ក៏ដោយ។

ការដាក់សំពាធចុងក្រោយនេះ ត្រូវបានបង្ហាញ ទាំងគ្មានការប្រកាសអំពីជំហានដែលត្រូវគ្នាពីទីក្រុងវ៉ាស៊ីនតោន បើទោះបីជា មានការបញ្ចុះបញ្ចូល ជាសាធារណៈយ៉ាងខ្លាំងក្លា ពីមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប ដែលចង់ឲ្យរដ្ឋបាល Trump ឱ្យចូលរួម ជាមួយពួកគេ នាពេលកន្លងមក ក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយ នៅក្រៅកិច្ចប្រជុំជាមួយសមភាគី សហភាពអឺរ៉ុប នៅទីក្រុង ប្រ៊ុចសែលថា «យើងបានបញ្ជាក់ ម្តងហើយម្តងទៀតថា យើងចង់ឲ្យរុស្ស៊ី ឈប់បាញ់ភ្លាមៗ ដោយគ្មានលក្ខខណ្ឌ»។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា «ការអូសបន្លាយពេល របស់រុស្ស៊ី ធ្វើឱ្យមានការប្តេជ្ញាចិត្តរបស់យើងឡើងវិញ ក្នុងការជួយអ៊ុយក្រែន ឱ្យការពារខ្លួន និង ប្រើប្រាស់ទណ្ឌកម្មថ្មី របស់យើង ដាក់សំពាធ លើមហិច្ចតាធ្វើសង្គ្រាម របស់លោក ពូទីន»។

យ៉ាងណាមិញ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា បើទោះបីជាមាន ការដាក់ទណ្ឌកម្មថ្មីរួមគ្នានេះក៏ដោយ អឺរ៉ុប នៅតែត្រូវការការចូលរួមពីអាមេរិក។

ប្រតិកម្មទៅនឹងការដាក់ទណ្ឌកម្មថ្មីនេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថា រុស្ស៊ីនឹងមិនចុះចាញ់ លើអ្វីដែលលោកស្រីហៅថា «ឱសានវាទ» ឡើយ។

សម្រេចដាក់ទណ្ឌកម្មថ្មីនេះ បានកើតឡើង ក្រោយពេល១ថ្ងៃ ដែលលោក Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន បានត្រៀមខ្លួនរួចរាល់ ដើម្បីចាប់ផ្តើមការចរចា ពោលគឺក្រោយពេលមេដឹកនាំអាមេរិករូបនេះបានជួបសន្ទនា ជាមួយលោក ពូទីន តាមទូរស័ព្ទ ប៉ុន្តែ មេដឹកនាំរុស្ស៊ី រូបនេះ មិនបានសន្យា ចំពោះបទឈប់បាញ់នោះទេ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner