សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ ការទូតសភាបានចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ជូនប្រជាពលរដ្ឋ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថានៅក្នុងនីតិកាលទី៧នេះ ការទូតសភា ជាការងារអាទិភាពមួយរបស់រដ្ឋសភា ដែលបានដើរស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ជាពិសេសសភាកម្ពុជា ក្នុងទំនាក់ទំនងការទូតសភាដែលមានភាពកាន់តែសំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី “លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ” ដែលសហការរៀបចំឡើងដោយគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់ មកពីស្ថាប័នពាក់ព័ន្ធមានសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាដើម។
លទ្ធផលសំខាន់នៃការងារការទូតសភាក្នុងពេលកន្លងមកថ្មីៗនេះ គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដោយបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល។ ធម្មនុញ្ញសន្តិភាពសាកលដែលជាការផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជានោះ ទទួលបានការគាំទ្រពី សភាទូទាំងពិភពលោកជិត៥០ប្រទេស។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ក្នុងបរិបទដែលសកលលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ដែលស្មានមិនត្រូវ ប្រែប្រួលយ៉ាងឆាប់រហ័សនោះ កម្ពុជានៅតែមានជំហររឹងប៉ឹងមានការប្ដេជ្ញាចិត្ត ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្រ្តៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយបន្តរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព និងបង្កើនភាពជាដៃគូជាមួយប្រទេសនានា ដោយផ្អែកលើច្បាប់អន្តរជាតិ និងផលប្រយោជន៍ស្នូលរបស់ជាតិ។ ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមន៍វិជ្ជា គឺទាមទារចាំបាច់ឱ្យមានការចូលរួមនិងការបំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល និងការទូតសភា ដែលជាការទូតរដ្ឋប្រកបដោយបរិយាប័ន្ន និងសន្តិភាព ដែលមានលក្ខណៈ បើកចំហរ និងជាច្រកនៃការរក្សាកិច្ចសន្ទនា ជាមួយគ្នានេះ ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិនិងអន្តរជាតិ សម្រាប់ស្តារនូវទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ និងមិត្តភាពស្មោះត្រង់។
បច្ចុប្បន្ន កម្ពុជាបានបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ទាំងក្នុងផ្នែកនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា តាមរយៈទំនាក់ទំនងទ្វេភាគី កម្ពុជាបានពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ ដើម្បីជំរុញកិច្ចពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការផ្នែកវប្បធម៌ បច្ចេកវិទ្យា និងសន្តិសុខ។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ បានជួយកម្ពុជា ឱ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការរួមចំណែកបន្ថែមលើសេដ្ឋកិច្ច និងសន្តិភាពអន្តរជាតិ។
ក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានគូសបញ្ជាក់ថា សភាពការណ៍អន្តរជាតិបច្ចុប្បន្ន នៅក្នុងទសវត្សចុងក្រោយនេះ មានភាព តានតឹង ស្រពិចស្រពិល រួមរឹតដោយវិបត្តិសេដ្ឋកិច្ច សន្តិសុខ ការប្រកួតប្រជែង ភូមិសាស្ត្រ និងបច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាមពាណិជ្ជកម្មបាននិងកំពុងអង្រួន ស្ថានភាពរបស់ពិភពលោកកាន់តែរញ្ជួយមួយកម្រិតទៀត។ ជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅក្នុងតំបន់នីមួយៗទាំងប្រពៃណី និងមិនប្រពៃណី សុទ្ធតែបានបំផ្លាញដល់សន្តិសុខមនុស្សជាតិ មិត្តភាព កិច្ចសហប្រតិបត្តិការ និងសណ្តាប់ធ្នាប់ពិភពលោក ជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងកំណើនសេដ្ឋកិច្ច ពិភពលោក ជាពិសេសបង្កឱ្យអត្រានៃភាពក្រីក្ររបស់ប្រជាជន តាមប្រទេស មួយចំនួនមានការកើនឡើង។ ទាំងនេះបានបង្កជាឧបសគ្គដល់ការសម្រេចនូវ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេករដ្ឋសភា




