លោក Trump សម្ញែងពិភពលោកពីគម្រោងប្រព័ន្ធការពារមីស៊ីលតម្លៃ ១៧៥ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការនូវផែនការអភិវឌ្ឍកម្មវិធីប្រព័ន្ធការពារមីស៊ីល Golden Dome នាពេលអនាគត មានតម្លៃ ១៧៥ពាន់លានដុល្លារ ដោយគម្រោងនោះ អាចដំណើរការនៅចុងបញ្ចប់អាណត្តិទីពីររបស់លោក។

លក្ខណៈពិសេសរបស់ប្រព័ន្ធ Golden Dome នឹងរួមបញ្ចូលសមត្ថភាពទប់ស្កាត់ និងបំផ្លាញមីស៊ីល ទាំងនៅលើដីគោក និងលំហនៅគ្រប់ដំណាក់កាលសំខាន់ៗនៃការវាយប្រហារដែលអាចកើតមាន ក្នុងនោះរួមមានការរុករក និងបំផ្លាញមីស៊ីលសត្រូវមុនពេលបាញ់បង្ហោះ, ស្ទាក់ចាប់មីស៊ីលក្នុងដំណាក់កាលដំបូងនៃការហោះហើរ, បញ្ឈប់មីស៊ីលនៅពាក់កណ្តាលអាកាស ឬ បញ្ឈប់មីស៊ីលនៅនាទីចុងក្រោយ មុនពេលបាញ់ដល់គោលដៅមួយ។
លោកប្រធានាធិបតី Trump បានថ្លែងចេញពីសេតវិមាននៅថ្ងៃអង្គារថា ប្រព័ន្ធនេះ នឹងបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងនៅលើដីគោក សមុទ្រ និងលំហ រួមទាំងឧបករណ៍ចាប់សញ្ញា និងឧបករណ៍ស្ទាក់ចាប់តាមលំហ។
មេដឹកនាំអាមេរិករូបនេះ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះក៏អាចមានសមត្ថភាពស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីផ្នែកម្ខាងទៀតនៃពិភពលោក ឬបាញ់ចេញពីលំហអាកាស។ ហើយគម្រោងខ្នាតយក្សនេះ ត្រូវបានបំផុសគំនិតចេញពីប្រព័ន្ធខែលការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល ដែលប្រទេសនេះបានប្រើដើម្បីស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងមីស៊ីលសត្រូវតាំងពីឆ្នាំ២០១១។
ជាមួយគ្នានេះ លោកប្រធានាធិបតី Trump ក៏ប្រកាសដែរថា លោក Michael Guetlein ដែលបច្ចុប្បន្នជាអនុប្រធានប្រតិបត្តិការអវកាស នឹងក្លាយជាអ្នកទទួលខុសត្រូវត្រួតពិនិត្យដំណើរការផលិតប្រព័ន្ធថ្មីនេះ។
មន្ត្រីមន្ទីរបញ្ចកោណបានព្រមានជាយូរមកហើយថា ប្រព័ន្ធខែលការពារមីស៊ីលដែលមានស្រាប់ មិនអាចទប់ទល់នឹងភាពរីកចម្រើនជាមួយបច្ចេកវិទ្យាមីស៊ីលមានល្បឿនលឿនជាងសំឡេងថ្មី ដែលរចនាឡើងដោយរុស្ស៊ី និងចិនបានទេ។
យ៉ាងណា ប្រសិនបើផែនការនេះសម្រេចបានមែននោះ ប្រព័ន្ធ Golden Dome នឹងតំណាងឱ្យការចាប់ផ្ដើមលើកដំបូង ដែលអាមេរិកដាក់សព្វាវុធនៅក្នុងលំហ ដែលអាចបាញ់បំផ្លាញមីស៊ីលដែលហោះចូលជិតទីតាំងណាមួយ អំឡុងពេលហោះហើរ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
