បែកធ្លាយផែនការអ៊ីស្រាអែលត្រៀមវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ អាមេរិកបានទទួលរបាយការណ៍ចារកម្មថ្មីដែលបង្ហាញថា អ៊ីស្រាអែលកំពុងរៀបចំការវាយលុកទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ សូម្បីតែរដ្ឋបាលលោក Trump បាននិងកំពុងបន្តកិច្ចព្រមព្រៀងការទូតជាមួយទីក្រុងតេអេរ៉ង់ក៏ដោយ នេះបើតាម CNN ដកស្រង់ប្រភពពីមន្ត្រីអាមេរិកជាច្រើននាក់ ដែលដឹងពីព័ត៌មានសម្ងាត់មួយនេះ។
ក្រុមមន្ត្រីអាមេរិកបានគូសបញ្ជាក់ថា ការវាយប្រហារណាមួយ នឹងក្លាយជាការបំបែកបំបាក់រវាងអ៊ីស្រាអែលជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump។ បញ្ហានេះទៀតសោត ក៏អាចប្រថុយនឹងការបញ្ចៀសជម្លោះក្នុងតំបន់កាន់តែរាលដាលនៅមជ្ឈិមបូព៌ា ហើយវាជាអ្វីមួយដែលអាមេរិកបានព្យាយាមជៀសវាងចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងភាពតានតឹងដែលបានចាប់ផ្តើមនៅឆ្នាំ២០២៣។
ក្រុមមន្ត្រីអាមេរិកបានព្រមានថា គេមិនច្បាស់ថាមេដឹកនាំអ៊ីស្រាអែលបានសម្រេចចិត្តចុងក្រោយឬយ៉ាងណានោះទេ ហើយថាតាមពិត មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្នុងជួររដ្ឋាភិបាលអាមេរិក អំពីលទ្ធភាពដែលអ៊ីស្រាអែលនឹងធ្វើនៅទីបំផុត ថាតើការវាយប្រហាររបស់អ៊ីស្រាអែល និងរបៀបណា នឹងអាស្រ័យលើអ្វីដែលខ្លួនគិត ចំពោះការចរចារបស់អាមេរិកជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ។
បុគ្គលម្នាក់ទៀតដែលបានដឹងព័ត៌មានពីចារកម្មអាមេរិកអំពីបញ្ហានេះ បាននិយាយថា ឱកាសនៃការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ជាក់ស្តែង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកកាលពីខែកុម្ភៈ ក៏បានព្រមានផងដែរថា អ៊ីស្រាអែលទំនងជាប៉ុនប៉ងវាយប្រហារទីតាំងសំខាន់ៗនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឆ្នាំនេះ នេះបើតាម CNN ចេញផ្សាយកាលពីពេលមុន។ មន្ត្រីអាមេរិកម្នាក់បានកត់សម្គាល់ថា វាជាជំហរជាក់លាក់របស់អ៊ីស្រាអែល ដែលជម្រើសយោធានៅតែជាជម្រើសតែមួយគត់ ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរយោធារបស់អ៊ីរ៉ង់៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
