លោកស្រី យីងឡាក់ ត្រូវតុលាការថៃបង្គាប់ឲ្យសងលុយ ៣០៥ លានដុល្លាររឿងគម្រោងស្រូវអង្ករ

បាងកក ៖ តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាអតីតនាយករដ្ឋមន្រ្តីថៃនិរទេសខ្លួនឯង លោកស្រី Yingluck Shinawatra សងការខូចខាតចំនួន ៣០៥លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងសន្យាទិញស្រូវ-អង្ករដ៏ខ្ជីខ្ជាយ ដែលលោកស្រីត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៧ ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស។

សេចក្តីសម្រេចរបស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍របស់លោកស្រី Yingluck ជំទាស់បទបញ្ជាលើកមុនឲ្យបង់ថ្លៃខូចខាតប្រមាណ ១,០៧ពាន់លានដុល្លារដល់ក្រសួងហិរញ្ញវត្ថុថៃ។ កម្មវិធីដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្សភឿថៃ (Pheu Thai) របស់លោកស្រី Yingluck បានធ្វើរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ និងនាំឲ្យស្រូវ-អង្កររាប់លានតោនលក់មិនចេញ។ ថៃគឺជាប្រទេសនាំចេញស្រូវ-អង្ករធំបំផុតលំដាប់ទី២ របស់ពិភពលោក។

លោកស្រី Yingluck បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាឱ្យបង់ប្រាក់ចំនួន ៣០៥លានដុល្លារ គឺជារឿងហួសពីសមត្ថភាពរបស់លោកស្រី ហើយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា ទោះបីជាលោកស្រីព្យាយាមសងអស់មួយជីវិតក៏ដោយ ក៏សងមិនអស់ដែរ ដូច្នេះលោកស្រីមានតែបន្តទាមទារ និងតស៊ូដើម្បីយុត្តិធម៌ប៉ុណ្ណោះ។

លោកស្រី Yingluck ដែលស្ថិតនៅក្នុងចំណោមសមាជិក៤រូបរបស់គ្រួសារមហាសេដ្ឋី Shinawatra កំពុងរស់នៅបរទេស ដើម្បីគេចវេសជាប់ពន្ធនាគារ ទាក់ទិនការខកខានការការពារអំពើពុករលួយនៅក្នុងគម្រោងស្រូវ-អង្ករ ដែលបានចំណាយឲ្យកសិកររហូតដល់ ៥០ភាគរយលើសតម្លៃទីផ្សារ ហើយបានធ្វើឲ្យបាត់បង់ថវិការដ្ឋយ៉ាងច្រើន។

លោកស្រី Yingluck វ័យ៥៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០១១ ក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបានចុះចេញពីតំណែងវិញ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដ្ឋាភិបាលរបស់លោកស្រត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារឆ្នាំ២០១៤។

លោកស្រី Yingluck ត្រូវជាម្តាយមីងបង្កើតរបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោកស្រី Paetongtarn Shinawatra និងជាប្អូនស្រីពៅបង្កើតរបស់អតីតនាយករដ្ឋមន្រ្តីថៃលោក Thaksin Shinawatra៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner