ចិនប្រើត្រីយន្តបំពាក់ AI ការពារទន្លេ Yangze
ប៉េកាំង ៖ ជាមធ្យោបាយមួយប្រកបដោយភាពឆ្លាតវៃ នៅក្នុងការប្រមូលទិន្នន័យប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់អភិបាលកិច្ចបរិស្ថានទឹកនោះ ប្រទេសចិនបានបង្កើត និងដាក់ពង្រាយត្រីយន្តឆ្លាតវៃ ដែលអាចហែលទឹកបានដូចត្រីពិតៗ ក្នុងគោលបំណងគាំទ្រដល់កិច្ចការពារទន្លេ Yangtze នេះបើតាមការចុះផ្សាយរបស់កាសែត Global Times។
ផ្អែកតាមការអះអាងរបស់សាកលវិទ្យាល័យ Wuhan ត្រីយន្តនេះមានប្រវែង ៥៣សង់ទីម៉ែត្រ ដែលរចនាឡើងតាមផ្នត់គំនិតដូចសត្វត្រីពិតៗ។ រូបរាងរបស់វាមានសន្លាក់ពីរនៅក្បាល និងកន្ទុយ ដែលធ្វើឱ្យវាអាចធ្វើចលនាហែលទឹកដូចប៉ះបិតនឹងសត្វត្រីតែម្តង។
ចំនុចពិសេស ត្រីយន្តនេះមានបំពាក់ភ្លើង LED នៅលើខ្លួនរបស់វា ដែលអនុញ្ញាតឱ្យវាអាចបញ្ចេញពន្លឺនៅក្នុងទឹកបាន ហើយវាក៏មានបំពាក់ឧបករណ៍ចាប់សញ្ញាឧបសគ្គ និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអនុញ្ញាតឱ្យវារកឃើញ និងជៀសវាងឧបសគ្គនៅក្រោមទឹក។
យោងតាមរបាយការណ៍បានឱ្យដឹងថា ត្រីយន្តនេះ គឺជាគ្រឿងយន្តធ្វើប្រតិបត្តិការនៅក្រោមទឹកដ៏ឆ្លាតវៃ ដោយប្រើប្រាស់គោលការណ៍ bionics ដែលជាការរួមបញ្ចូលគ្នា រវាងការច្នៃប្រឌិតអន្តរកម្មសិក្សា និងការអនុវត្តវិស្វកម្ម។ បច្ចេកវិទ្យាស្នូលរបស់វា គឺការហែលទឹកដូចត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់កម្មវិធីរុករកក្រោមទឹក ការត្រួតពិនិត្យគុណភាពទឹក និងការការពារអេកូឡូស៊ីប្រកបដោយសក្តានុពល។
ត្រីយន្តរបស់ចិននេះ បង្កើតឡើងដោយសាកលវិទ្យាល័យ Wuhan និងដាក់តាំងបង្ហាញនៅក្នុងសន្និសីទអប់រំឌីជីថលពិភពលោក ដែលធ្វើឡើងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់១៦ ខែឧសភាកន្លងទៅនេះ។ បច្ចុប្បន្ន ត្រីយន្តឆ្លាតវៃនេះ បានបញ្ជូនទិន្នន័យពីប្រព័ន្ធអេកូឡូស៊ីមានទំហំជាង ៥០តេហ្គាបៃហើយ៕
ប្រភព ៖ Global Times ប្រែសម្រួល ៖ ឈឹម ទីណា