Health ៖ មន្ទីរអប់រំ និងអង្គការ AHF កម្ពុជា រៀបចំទិវាសុខភាពពេលមករដូវ  

ភ្នំពេញ ៖ មន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និង អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានអំពាវនាវឱ្យមានសមធម៌អំឡុងពេលមានរដូវក្នុងទិវាសុខភាពមករដូវ ដែលពិធីនេះរៀបចំឡើងនៅវិទ្យាល័យឬស្សីកែវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

លោក សាំង សុផល ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំយុវជន និងកីឡា តំណាងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពសុខភាពក្មេងស្រី និងស្ត្រីគ្រប់រូបភាព សង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារី ជាសេនាធិការ ។
លោក សាំង សុផល បន្ថែមថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំគ្រប់គ្រង និងសម្របសម្រួលជំរុញឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមានគណៈកម្មាធិការសុខភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី និងផ្តល់សមធម៌អំឡុងពេលមានរដូវរបស់ស្ត្រី និងក្មេងស្រី។

លោកវេជ្ជបណ្ឌិត ចន  ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសនៃអង្គការ មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានមានប្រសាសន៍ថា នៅទូទាំងពិភពលោក ស្ត្រី និងកុមារី ជាពិសេសក្នុងអនុតំបន់អាហ្រ្វិកសាហារ៉ា ប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ខ្លាំង។

ដូច្នេះហើយ ទិវាសុខភាពពេលមករដូវទូទាំងពិភពលោកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងជាយុទ្ធសាស្រ្ត ក្នុងការបង្ការការឆ្លងមេរោគអេដស៍ឲ្យកាន់តែទូលំទូលាយទាក់ទងសុខភាពពេលមករដូវ និងមេរោគអេដស៍ ហើយលើកកម្ពស់លទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ព្រមទាំងការរួមបញ្ចូលព័ត៌មាន និងសេវាសុខភាពផ្លូវភេទ និងបន្តពូជ ធានាស្ត្រី និងកុមារី /អ្នកដែលមករដូវទទួលបានសំឡីអនាម័យ ស្រោមអនាម័យ និងការថែទាំសំខាន់ៗផងដែរ។

លោកវេជ្ជបណ្ឌិត ចន  ផាន់ណា បន្ថែមថា ប្រជាជនប្រមាណជិត២ពាន់លាននាក់ មានរដូវនៅទូទាំងពិភពលោក ប៉ុន្តែក្នុងនោះមាន ៥០០លាននាក់ជួបប្រទះភាពលំបាកក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពសម្រាប់ពេលមករដូវ ខ្វះកន្លែងសុវត្ថិភាព និងខ្វះអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលប៉ះពាល់សុខភាព ការបោះបង់សាលារៀន និងផលប៉ះពាល់សុខភាពផ្លូវចិត្ត៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner