រុស្ស៊ីបាញ់មីស៊ីលនិងដ្រូនលើក្រុងកៀវ អំឡុងការដូរអ្នកទោស
បរទេស ៖ ទោះបីជាភាគីទាំងពីរ កំពុងដោះដូរអ្នកទោសដ៏ធំក៏ដោយ អ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ថ្មីៗ បានកើតមាន នៅលើរដ្ឋធានីកៀវ នាព្រឹកថ្ងៃអាទិត្យនេះ ខណៈដែលអាជ្ញាធរបានព្រមាន ពីការគំរាមកំហែង មីស៊ីល បន្ថែមទៀត។
ប្រមុខរដ្ឋបាលយោធានៃទីក្រុងកៀវ បាននិយាយថា ដ្រូនរបស់សត្រូវ ជាង១០គ្រឿង បានវាយប្រហារ អគារលំនៅដ្ឋានមួយមានកម្ពស់៦ជាន់ ដោយកំទេចកំទីថ្ម ត្រូវបានឃើញ ធ្លាក់ចុះមក។ អ្នកកាសែត AFP បានឮការផ្ទុះ ហើយអ្នកស្រុកត្រូវបានជំរុញ ឱ្យស្វែងរកទីជំរក ខណៈដែលទីក្រុងនេះ រងការវាយប្រហារ ២ថ្ងៃជាប់ៗគ្នា។
កាលពីថ្ងៃសៅរ៍ កងកម្លាំងអាកាស របស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលផ្លោងចំនួន ១៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើក២៥០គ្រឿងពេញមួយយប់ តែបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល៦គ្រាប់ និងដ្រូន២៤៥គ្រឿង។
អភិបាលក្រុងកៀវ បាននិយាយថា រដ្ឋធានីនេះ ស្ថិតនៅក្រោមការវាយប្រហារបន្ថែមទៀត ប៉ុន្តែ ការការពារដែនអាកាសកំពុងដំណើរការ ដោយប្រាប់ពលរដ្ឋថា «សូមស្នាក់នៅក្នុងជម្រក ដាច់ខាត»។
ការវាយប្រហារបន្តបន្ទាប់គ្នា ពេញមួយយប់ បានកើតឡើង បើទោះបីជារុស្ស៊ី និងអ៊ុយក្រែន បន្តការដោះដូរអ្នកទោសដ៏ធំបំផុត មិនធ្លាប់មាន ក្នុងនោះ គ្រោងថានឹងដោះលែង ម្ខាងៗ១,០០០នាក់ ក្នុងពេលបីថ្ងៃនេះ រាប់ពីថ្ងៃសុក្រ។
ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky បាននិយាយ កាលពីល្ងាចថ្ងៃសៅរ៍ថា ការវាយប្រហារទាំងនេះ បង្ហាញច្បាស់ថា ទីក្រុងមូស្គូកំពុង អូសបន្លាយសង្រ្គាម ហើយ លោកបានអំពាវនាវ ម្តងទៀត ឱ្យបង្កើនទណ្ឌកម្មលើរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


