វប្បធម៌នៃការសាងផ្នួសចូលរួមលើកតម្កើងព្រះពុទ្ធសាសនា
សៀមរាប៖វត្តប្រាសាទចន្ទរង្សី ហៅ វត្តគោកចាន់ ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបំបួសកុលបុត្រចំនួន ២៤រូប ដើម្បីតបស្នងសងគុណចំពោះ មាតា បិតា និងចូលរួមបម្រើក្នុងវិស័យព្រះពុទ្ធសាសនា។
ពិធីនេះបានដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ដែលជាព្រះសមុហគណខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការ វត្តប្រាសាទចន្ទរង្សី។ព្រះគ្រូចៅអធិការបានមានថេរដីកាថា ការបំបួសនាគនាពេលនេះមានគោលបំណងសំខាន់ៗចំនួនបី។ទីមួយ.ដើម្បីសងគុណមាតាបិតា,ទីពីរ.ដើម្បីរួចផុតពីទុក្ខនានានិងទីបី.ដើម្បីបន្តការសិក្សាព្រះធម៌ និងគម្ពីរព្រះពុទ្ធសាសនា។
ព្រះគ្រូបានបន្ថែមថា ការបំបួសនាគគឺមិនប្រកាន់អាយុឡើយ សម្រាប់បុគ្គលដែលចង់បួសជាសាមណេរ ប៉ុន្តែសម្រាប់ការបួសជាភិក្ខុ ត្រូវមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ។ បុគ្គលដែលហៅថា “នាគ” គឺជាអ្នកកំពុងរៀបចំដើម្បីចូលបួស ជាការចាប់ផ្ដើមបន្តិចមួយទៅរកជីវិតថ្មីក្នុងសាសនា។
ដើម្បីបួសបាន ត្រូវមានលក្ខខណ្ឌចំនួនបួន ។មួយ.មានសុខភាពល្អ,ពីរ.មានការអនុញ្ញាតពីមាតាបិតា,បី.មិនជាប់បំណុលនឹងអ្នកដទៃនិងបួន.មិនជាប់ទោសដោយច្បាប់។
គួរជម្រាបថា ពិធីបំបួសនាគអាចធ្វើបានពេញមួយឆ្នាំ ប៉ុន្តែបើធ្វើនៅថ្ងៃ ១៤កើតខែអាសាឍ មុនចូលព្រះវស្សា ២ថ្ងៃ គឺល្អបំផុត ព្រោះអាចគង់ចាំព្រះវស្សាជាមួយព្រះសង្ឃអ្នកដទៃ និងមានឱកាសសិក្សា ចេះអានចេះសូត្រលើវចនធម៌បានយ៉ាងជ្រៅជ្រះ។
ក្នុងពិធីបំបួសនេះក៏បានអនុវត្តតាមប្រពៃណីបុរាណដូចជា ពិធីកោរសក់ ពិធីធ្វើធ្មេញនាគ ពិធីជូនត្រ័យដល់មាតាបិតា ពិធីចូលព្រះវិហារ និងវន្ទាព្រះពុទ្ធរូប ពិធីសុំសេចក្ដីអភ័យពីអ្នកមានគុណ ពិធីកប់សក់សុំសេចក្ដីសុខជាដើម។
គិតត្រឹមឆ្នាំ ២០២៥នេះ ព្រះពុទ្ធសាសនាបានឈានដល់ ព.ស. ២៥៦៩ហើយ៕
ដោយ៖ប៊ុន រដ្ឋា