លិចនាវាផ្ទុកទំនិញគ្រោះថ្នាក់នៅឥណ្ឌា

ញូវដែលី ៖ នាវាដឹកទូរកុងតឺន័រដោតទង់ជាតិលីបេរីយ៉ាមួយគ្រឿង ដែលផ្ទុកដោយទំនិញដ៏គ្រោះថ្នាក់ បានលិចនៅឆ្នេរសមុទ្រ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ប៉ុន្តែជាសំណាងល្អ សមាជិកនាវិកទាំង ២៤នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា នាវាខាងលើនេះផ្ទុកកុងតឺន័រចំនួន ៦៤០ទូ ក្នុងនោះ ១៣កុងទតឺន័រ មានទំនិញគ្រោះថ្នាក់ និង ១២កុងតឺន័រមានផ្ទុកសារ Calcium Carbide។ សារធាតុ Calcium Carbide គេប្រើក្នុងឧស្សាហកម្មគីមី ក្នុងនោះមានទាំងការផលិតជី និងការផលិតដែក។

កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅថ្ងៃអាទិត្យថា នាវាមានឈ្មោះ MSC ELSA 3 ជានាវាដឹកទំនិញប្រវែង ១៨៤ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ Vizhinjam របស់ឥណ្ឌា ទៅកាន់ទីក្រុង Kochi បានជួបបញ្ហាកាលពីថ្ងៃសៅរ៍ ហើយបានប្រកាសសុំជំនួយបន្ទាន់។

ភ្លាមៗ យន្តហោះកងទ័ពជើងទឹកបានប្រញាប់ប្រញាល់ហោះទៅកាន់ទីតាំងកើតហេតុ ហើយបានប្រទះឃើញនាវានោះបានផ្អៀងរកកល់លិចនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Kochi។

នាវានោះ បើតាមសេចក្តីរាយការណ៍ ក៏មានផ្ទុកប្រេងប្រហែល ៣៧០តោនផងដែរ ប៉ុន្តែឆ្មាំឆ្នេរសមុទ្រនិយាយថា មកទល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការកំពប់ប្រេងទេ ហើយមូលហេតុលិចនៅមិនទាន់មានប្រភពទម្លាយឱ្យដឹងនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner