បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតបណ្តោះអាសន្នឆ្នាំ២០២៥សរុបមានចំនួនជាង ១០លាននាក់
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )បានឱ្យដឹងថា ក្នុងលទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣ភាគរយ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។ នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត នៅក្នុងថ្ងៃ ចុងក្រោយនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៥នេះ ។
បញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ នា ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនេះប្រយោជន៍ ដើម្បីធ្វើបច្ចុប្បន្នភាព និងជូនព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដែលបានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី១ រហូត មកដល់ថ្ងៃទី២៦ ខែឧសភា នេះ។ថ្ងៃនេះដែរ គឺជាថ្ងៃចុងក្រោយនៃដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់។
ឯកឧត្តម បានថ្លែងបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ទទួលបាន ដូចជា៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០.៨០៦នាក់,អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩៩.៣៧៣នាក់។អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២៨៣.០៨១នាក់ ក្នុងនោះ មានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១.១៧៣.០៦៣នាក់,អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២.៤៥៣.៨៩៧នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤៨.២៨២នាក់។
ឯកឧត្តម ហ៊ែល សារ៉ាត់ បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ គ.ជ.ប និងថ្នាក់ ក្រុមប្រឹក្សាធម្មនុញ្ញ ពុំបានទទួលពាក្យបណ្ដឹងណាមួយទេ។
ឯកឧត្តមបានថ្លែងឱ្យដឹងដែរថាសម្រាប់គោលដៅនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត បានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយអាចធ្វើការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ក្នុងករណីរកឃើញថា មានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូងនោះ។សម្រាប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះគឺគិត ត្រឹមតែតម្លៃផលិតប៉ុណ្ណោះ៕




ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា