មន្ត្រីក្រសួងសេដ្ឋកិច្ច លើកទឹកចិត្តនិស្សិតបញ្ចប់ការសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ បន្តសិក្សាស្រាវជ្រាវរកស្តង់ដារថ្មីៗ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកទឹកចិត្តឱ្យនិស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ បន្តការសិក្សាស្រាវជ្រាវ រកស្តង់ដារគណនេយ្យថ្មី និងស្តង់ដារសវនកម្មថ្មី ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ចែកសញ្ញាបត្រជូនដល់និស្សិត វិទ្យាស្ថានខេមអេដ ចំនួន ២៥០នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថាន ខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាននិស្សិត និងអាណាព្យបាល ផងដែរ ។

លោក ខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដបាន បានបង្ហាញក្ដីរីករាយដែលឃើញប្រទេសកម្ពុជាឥឡូវនេះ មានអ្នកដឹកនាំដែលមានទេពកោសល្យ មានការយកចិត្តទុកដាក់ និងមានការគិតគូរ និងភាពក្លាហានក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

លោកបានបន្តថា វិទ្យាស្ថាន បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញរបស់អ្នក និងបានប្រមូលផ្តុំ នូវសាស្រ្តាចារ្យ និងអ្នកជំនាញដែលមានទេពកោសល្យបំផុតមកពីជុំវិញពិភពលោក ដូចជា មកពី សហរដ្ឋអាមេរិក ឥណ្ឌា បង់ក្លាដែស ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរីជាដើម ក្នុងគោលបំណង ដើម្បីជួយអភិវឌ្ឍជំនាញឱ្យទទួលបានជោគជ័យក្នុងអាជីព ។

ឯកឧត្តមបណ្ឌិត ងី តាយី បានរំលឹកពីនិស្សិតខ្មែរ ធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា តាមរយៈការចូលរួមប្រលងជាអន្តរជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ពិភពលោក ក្នុងចំណោមសិស្សដទៃមកពីជិត ២០០ប្រទេស លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ ហើយទទួលបានការសារទរយ៉ាងខ្លាំង ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ មាននិស្សិតខ្មែរ ២រូប ចូលរួមប្រលងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សដទៃ មកពី ១៨០ប្រទេស និងឆ្នាំ២០២៥ ក៏មាននិស្សិតខ្មែរ ២រូបទៀត បន្តទទួលបានជ័យលាភីលេខ១ ទូទាំងពិភពលោក លើការប្រឡងជាអន្តរជាតិ មុខវិជ្ជាការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្មនេះ ។

ឯកឧត្តម បានមានប្រសាសន៍ថា វិទ្យាស្ថានខេមអេដ មានការទទួលស្គាល់លើគុណភាពអប់រំទាំងក្នុងស្រុក និងជាអន្តរជាតិ ហើយបច្ចុប្បន្ន វិទ្យាស្ថាន មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅកម្ពុជា ដោយវិទ្យាស្ថាន បានបង្កើត នូវអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនករជំនាញជាច្រើន ហើយក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន សាស្រ្តាចារ្យ និងបុគ្គលិកគាំទ្រទាំងអស់គ្នា បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ដែលការចូលរួមទាំងអស់នេះ ក៏ជាចំណែកមួយ នៃភាពជោគជ័យរបស់និស្សិតផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner