សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងបិទសមយុទ្ធលើផ្ទៃសមុទ្ររវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករំដោះប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជម្រិតនាវាដឹកទំនិញ» ធ្វើឡើងនៅខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការធ្វើសមយុទ្ធ ដើម្បីកិច្ចការពារជាតិគឺជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ទាំងនៅ លើដែនគោក ដែនទឹក និងដែនអាកាស សំដៅធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ព និងត្រៀមឱ្យបានរួចរាល់ ដើម្បីបង្កើននូវការការពារបូរណភាពទឹកដី។

ឯកឧត្តម នាយឧត្តមសេនីយ បានបញ្ជាក់ថា កិច្ចការងារការពារជាតិ គឺធ្វើទាំងនោះលើដែនគោក ដែនទឹក ដែនអាកាស អីចឹងហើយនៅលើដែនសមុទ្រក៏មានសារសំខាន់ នៅលើដែនគោកក៏មានសារសំខាន់ វាសំខាន់ទាំងអស់ កាលមុនៗយើងបានធ្វើនៅដីគោក ឥឡូវយើងបានពង្រីកនៅលើលំហរសមុទ្រ អីចឹងដែនសមុទ្រក៏មានសារសំខាន់ដែរ ដើម្បីការពារបូរណភាពទឹកដី និងដើម្បីបង្កើននូវការ ការពារបូរណភាពទឹកដីរបស់យើង ។

នាយឧត្តមសេនីយ ឥត សារ៉ាត់ បានបញ្ជាក់ជំវិញការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ដោយមានការសហការរវាងកងទ័ពកម្ពុជា-ចិន នៅលើដែនទឹកនេះ ថា ក្នុងកំឡុងពេលធ្វើសមយុទ្ធសម្រាប់កងទ័ពជើងទឹក និងជើងអាកាស នៅសមុទ្ររបស់កម្ពុជានេះ មានខ្លឹមសារសំខាន់ៗជាច្រើនពាក់ព័ន្ធការធ្វើដំណើររបស់នាវានៅគ្រប់រូបភាព ដូចជា៖ ក្នុងរូបភាពបណ្តោយ, រូបភាពទទឹង, រូបភាពត្បូងពេជ្រ, រូបភាពបាញ់គ្រាប់ពិត រូបភាពទៅសង្គ្រោះចំណាត់ខ្មាំង ការរំដោះអ្នកទោស និងការសង្គ្រោះជនរងគ្រោះដែលគ្រោះថ្នាក់ជាដើម ។ សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ លើលំហសមុទ្រកម្ពុជានេះ ប្រើនាវា ១០គ្រឿង កម្ពុជា ៧គ្រឿង ចិន ៣គ្រឿង យន្តហោះ ៤គ្រឿង និងកងទ័ពជាង ៨០០នាក់ ។

បន្ថែមពីនេះ នាយឧត្តមសេនីយ ឥត សារ៉ាត់ ក៏បានវាយតម្លៃខ្ពស់នូវភាពជោគជ័យ នៃការធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ដោយភាគីកងទ័ពកម្ពុជា-ចិន បានសហការគ្នា និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ពីរបៀបដឹកនាំបញ្ជានាវាគ្រប់ស្ថានភាព ហើយកម្ពុជា ក៏បានរៀនសូត្រ និងដកពិសោធន៍នូវបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រព័ន្ធរ៉ាដា ដើម្បីកំណត់គោលដៅផងដែរ។

ឯកឧត្តម អគ្គមេបញ្ជាការរង ក៏បានវាយតម្លៃខ្ពស់ចំពោះកងទ័ពទាំង២ឭពីរ ជាពិសេស នាយនាវី នាយនាវីរង និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា ក្នុងការធ្វើសមយុទ្ធ បានសម្រេចជោគជ័យ តាមផែនការដែលបានគ្រោងទុកផងដែរ ៕

ដោយ៖ វណ្ណលុក
រូបភាព៖ FN

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner