ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះអនុស្សរណៈជាមួយមូលនិធិការងារអន្ដរជាតិជប៉ុន (JILAF) ដើម្បីពង្រឹងការគាំទ្រអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal Economy)
(តូក្យូ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន (Supporting Grass Roots Activities – SGRA) តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។

ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើជាអធិបតីនៃពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដែលធ្វើនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដាលវិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ចិការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។

ឯកឧត្ដមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់មូលនិធិ JILAF ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើគម្រោង SGRA នេះ ចាប់តាំងពីឆ្នាំ២០១៩មក ពិសេសដោយផ្ដោតសំខាន់លើអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាថាមិនមានកម្មករនិយោជិតណាម្នាក់ត្រូវបានទុកចោលឡើយ សូម្បីតែអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបញ្ចប់ដោយភាតរភាព ជាមួយនឹងការសន្យារបស់មូលនិធិរបស់ JILAF និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ
