លោក Elon Musk ត្រៀមបញ្ជូនមនុស្សយន្ត Optimus ទៅភពអង្គារនៅចុងឆ្នាំ២០២៦
វ៉ាស៊ីនតោន ៖ មេធំ Tesla និង SpaceX លោក Elon Musk បានប្រកាសថ្មីៗនេះថា គាត់នឹងបញ្ជូនមនុស្សយន្ត Optimus ទៅកាន់ភពអង្គារ តាមរយៈរ៉ុក្កែតយក្ស Starship នៅឆ្នាំ២០២៦ មុនពេលបញ្ជូនអវកាសយានិកទៅទីនោះនៅចុងទសវត្សរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The telegraph។
លោក Musk ដែលក្លាយជាដៃស្តាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រ៉ុក្កែត Starship ដែលផ្ទុកមនុស្សយន្ត Optimus នឹងចាកចេញពីផែនដីទៅកាន់ភពអង្គារនៅចុងឆ្នាំ២០២៦។ លោក Musk បានសង្កត់ធ្ងន់ថា បើសិនការចុះចតនេះដំណើរការល្អ នោះការចុះចតរបស់មនុស្សអាចនឹងចាប់ផ្តើមភ្លាមៗនៅឆ្នាំ២០២៩ ទោះបីមានការគ្រោងទុកនៅឆ្នាំ២០៣១ក៏ដោយ។
លោក Musk ដែលមានមហិច្ឆតាយូរមកហើយ ក្នុងការធ្វើអាណានិគមនៅលើភពអង្គារ ហើយលោកប្រធានាធិបតី Trump ក៏បានបង្ហាញពីការគាំទ្រចំពោះរឿងនេះផងដែរ។ Starship គឺជារ៉ុក្កែតខ្នាតយក្ស និងមានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយជាចំណុចកណ្តាលនៃចក្ខុវិស័យរយៈពេលវែងរបស់លោក Musk ក្នុងការធ្វើអាណានិគមលើភពអង្គារ។
ដោយមានកម្ពស់ប្រវែង ១២២ម៉ែត្រ ឬខ្ពស់ជាងនាឡិកា Big Ben ប្រហែល ២៧ម៉ែត្រ យាន Starship ត្រូវបានរចនាឡើងដើម្បីអាចប្រើបានឡើងវិញច្រើនដងយ៉ាងពេញលេញ។ ហើយអង្គការ NASA ក៏ចង់ប្រើប្រាស់យាន Starship ទៅចុះចតនៅភពព្រះចន្ទ សម្រាប់កម្មវិធី Artemis របស់ខ្លួន ដែលមានគោលបំណងបញ្ជូនអវកាសយានិកត្រឡប់ទៅភពព្រះចន្ទក្នុងទសវត្សរ៍នេះផងដែរ។
ចំណែកក្រុមហ៊ុន Tesla វិញបានផលិតមនុស្សយន្ត Optimus ឡើង មានគោលបំណងជំនួសការងារប្រចាំថ្ងៃ និងការងារដដែលរបស់មនុស្ស។ ហើយចាប់តាំងពី Optimus បង្ហាញខ្លួននៅខែតុលា ឆ្នាំ២០២៤ លោក Musk បាននិយាយថា ថ្ងៃណាមួយ មនុស្សយន្តនេះ នឹងអាចធ្វើជាគ្រូបង្រៀន អ្នកថែទាំកុមារ បណ្តើរឆ្កែ កាត់ស្មៅ ទិញគ្រឿងទេស ធ្វើជាមិត្ត ឬធ្វើជាអ្នកបម្រើភេសជ្ជៈជាដើម។ លោក Musk មិនទាន់បញ្ជាក់ពីពេលវេលាចេញលក់ផ្លូវការទេ ប៉ុន្តែប្រភពបានរំពឹងថា មនុស្សយន្ត Optimus ប្រហែលជាមានតម្លៃចន្លោះពី២ទៅ៣ម៉ឺនដុល្លារក្នុងមួយគ្រឿង។
សូមបញ្ជាក់ថា យាន Starship ត្រូវបានបាញ់បង្ហោះលើកចុងក្រោយ កាលពីថ្ងៃទី៦ ខែមីនា ហើយនេះជាការហោះហើរសាកល្បងលើកទី៨ តែគួរឲ្យសោកស្តាយ ក្នុងអំឡុងពេលនោះ SpaceX បានដាច់ទំនាក់ទំនងជាមួយយានអវកាសភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះ។យានអវកាស Starship និងរ៉ុក្កែត Super Heavy របស់ក្រុមហ៊ុន SpaceX ដែលហៅថា Starship គឺតំណាងឱ្យប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើឡើងវិញបានពេញលេញ ដែលត្រូវបានរចនាឡើងដើម្បីដឹកទាំងនាវិក និងទំនិញទៅកាន់គន្លងផែនដី រួមមានទាំងភពព្រះចន្ទ ភពអង្គារ និងលើសពីភពទាំងនេះ៕
ប្រភព ៖ The telegraph ប្រែសម្រួល ៖ ឈឹម ទីណា
