កិច្ចប្រជុំបូកសរុបលើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥

(ខេត្តសៀមរាប)៖ លទ្ធផលការងារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ បទល្មើសជាច្រើនមានការថយចុះជាពិសេសបទល្មើសគ្រឿងញៀន និងសេដ្ឋកិច្ចខុសច្បាប់។ ទោះជាយ៉ាងណា បទល្មើសចរាចរណ៍នៅមានការកើនឡើង។

ទន្ទឹមនេះ ស្នងការដ្ឋាននគរបាលខេត្តក៏បានផ្តល់បទបង្ហាញអំពីការផ្ដល់ជម្រើសឧបករណ៍សម្រាប់ប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានឲ្យមានប្រសិទ្ធភាពក្នុងការចុះអន្តរាគមន៍ផងដែរ ។

នេះបើយោងតាមសេចក្តីរាយការណ៍ របស់ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក្នុងកិច្ចប្រជុំបូកសរុបលើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។

កិច្ចប្រជុំមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី អង្គភាពជំនាញ និងមន្រ្តីថ្នាក់មូលដ្ឋានជាង ៣០០នាក់ ។

ឯកឧត្តម សួស អង្គារ៍ បានវាយតម្លៃខ្ពស់លើលទ្ធផលការងារ និងបានណែនាំឲ្យពង្រឹងវិធានការច្បាប់លើបទល្មើសជលផល ធនធានធម្មជាតិ និងល្បែងស៊ីសង។ ក៏ដូចជា បញ្ជាក់ឲ្យគ្រប់អាជ្ញាធរមូលដ្ឋាន បន្តការគ្រប់គ្រងអ្នកចំណាកស្រុក ធ្វើវេទិកាសាធារណៈតាមទ្រង់ទ្រាយតូច ប៉ុន្តែមានប្រសិទ្ធភាព និងការចូលរួមខ្ពស់ពីសាជីវកម្ម និងប្រជាជន។

ឯកឧត្តមបានបញ្ជាក់ថា សុវត្ថិភាពក្នុងតំបន់កើតចេញពីការចូលរួមរួមគ្នានៃគ្រប់ស្ថាប័ន ទាំងអាជ្ញាធរ មន្រ្តីសាធារណៈ និងសហគមន៍។ រដ្ឋបាលខេត្ត ត្រូវបន្តជំរុញការប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះឲ្យបានម៉ឺងម៉ាត់ ទៀងទាត់ និងទទួលខុសត្រូវខ្ពស់ ជាមួយនឹងការត្រៀមលក្ខណៈឆ្លើយតបតាមស្ថានភាពបច្ចុប្បន្ន ដូចជា គ្រោះមហន្តរាយ គ្រោះថ្នាក់ និងជំងឺរាតត្បាត។

បន្ថែមពីនេះ ក៏បានផ្តោតទៅលើការបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍តាមតំបន់សាធារណៈ ដូចជា សាលារៀន និងកន្លែងកម្សាន្ដ។ រដ្ឋបាលក៏ត្រូវពង្រឹងសីលធម៌របស់កងកម្លាំង និងអនុវត្តអភិក្រម ៥របស់រាជរដ្ឋាភិបាល ដើម្បីធានាលទ្ធផលដល់សង្គមទាំងមូល ៕

ដោយ ៖ ប៊ុន​រដ្ឋា

ads banner