សម្ពោធសមិទ្ធផលតម្លៃជិត ៥០ម៉ឺនដុល្លារ នៅវត្តទួលភ្លង ដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍពុទ្ធសាសនា
(កំពង់ធំ )៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងសប្បុរសជនជិតឆ្ងាយ បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធផលថ្មីៗ នៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង) ស្ថិតនៅភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកអភិបាលស្រុកបានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសាមគ្គីរបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមគាំទ្របច្ច័យ សម្ភារៈ កម្លាំងកាយចិត្ត និងស្មារតី ដើម្បីជួយសាងសង់អភិវឌ្ឍន៍វត្តអារាមនេះ។ សមិទ្ធផលទាំងនេះគឺជាផលវិបាកនៃការរួមចំណែកយ៉ាងសកម្ម និងទទួលខុសត្រូវក្នុងការថែរក្សាពុទ្ធសាសនា និងបង្កើតបរិយាកាសសង្គមសាមគ្គី។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ និងគណៈកម្មការវត្ត ដែលបានខិតខំប្រឹងប្រែងប្រមូលមូលនិធិពីជនរួមជាតិជិតឆ្ងាយ ដោយប្រើប្រាស់ធនធានទាំងអស់ឲ្យបានមានតម្លាភាព និងគណនីយភាពក្នុងការអភិវឌ្ឍអារាមនេះឲ្យរីកចម្រើនមិនខាន។
លោកអភិបាលស្រុកបានអំពាវនាវឲ្យពុទ្ធបរិស័ទ និងសប្បុរសជនបន្តចូលរួមគាំទ្រការសាងសង់ និងអភិវឌ្ឍស្តូបតម្កល់អដ្ឋិធាតុ នៃប្រជាជនខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ដើម្បីឱ្យវត្តទួលព្រះធាតុក្លាយជាកន្លែងបូជនីយដ្ឋានប្រវត្តិសាស្ត្រមួយ និងជាទីកន្លែងឱ្យយុវជនបានស្គាល់អំពើអយុត្តិធម៌នៃអតីតកាល។
សមិទ្ធផលដែលបានសម្ពោធរួមមាន៖ ស្រះទឹក របងវត្ត ដងទង់ ហេដ្ឋារចនាសម្ព័ន្ធ និងអាគារជាច្រើនផ្សេងទៀត។ នៅក្នុងពិធីនេះ លោកអភិបាលស្រុក និងសហការីបានចូលបរិច្ចាគថវិកាចំនួន ៧២០,០០០ រៀល និងសប្បុរសជនបានរួមចំណែកបន្ថែម ៣,៥៧០,០០០ រៀលផងដែរ ៕
ដោយ ៖ ប៊ុន រដ្ឋា







