ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ៖ រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលក្រសួងមហាផ្ទៃជាសេនាធិការ លើការងារមួយចំណែក នៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញមានតែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល ។

នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានបង្កើតនូវយន្តការ ទាំងយន្តការច្បាប់ និងយន្តការអនុវត្តការងារជាច្រើនរហូតឈានដល់ការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ដែលដាក់ដោយអង្គការហ្វាត (FATF) ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកជាសក្ខីភាពថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់ក្រសួងមហាផ្ទៃ នៅក្នុងការផ្សព្វផ្សាយទ្រឹស្ដី និងបទពិសោធន៍នៃការអនុវត្ត ទាំងជុំវិញពិភពលោក រួមទាំងបទពិសោធន៍ដែលកម្ពុជាបានធ្វើ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹង និងបន្តរួមគ្នាធ្វើការងារបានល្អប្រសើរថែមទៀតលើការប្រឆាំងការសម្អាតប្រាក់។

សូមបញ្ជាក់ថា ៖ សិក្ខាសាលាផ្ដោតលើប្រធានបទសំខាន់ៗចំនួន៦ រួមមាន ១. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ២. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសគ្រឿងញៀន ដែលមានសញ្ញាណសម្អាតប្រាក់ ៣. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសឆបោកប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណឌីជីថល ៤. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៥. ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងទី៦. បទដ្ឋានគតិយុត្ត និងនីតិវិធីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជុំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner