សហព័ន្ធប្រដាល់គុនខ្មែរប្រកាសថា ការកាត់សេចក្តីពីគណៈវិនិច្ឆ័យលើការប្រកួត សុទ្ធតែឈរលើគោលការណ៍ច្បាស់លាស់
(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពីមហាជន លើការប្រកួតរវាងកីឡាករគុនខ្មែរ រិទ្ធី សូសែន និងកីឡាករឡាវ Thongbang Seuaphom ដែលប្រកួតនៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលផ្ទុះការរិះគន់ថា ចៅក្រមផ្តល់ពិន្ទុមិនសុក្រឹតយុត្តិធម៌ ហើយផ្តល់ពិន្ទុឱ្យកីឡាករគុនខ្មែរ រិទ្ធី សូសែន ជាអ្នកឈ្នះ។
ជុំវិញករណីនេះ ឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន កាលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅស្តាតចាស់ថា នៅក្នុងការកំណត់លទ្ធផលនៃការប្រកួតឱ្យឈ្នះ ឬចាញ់ គឺស្របតាមគោលការណ៍របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយចៅក្រមកាត់សេចក្តីនឹងកំណត់លទ្ធផលឈ្នះ-ចាញ់ លើគោលការណ៍ធំៗ ដូចជាឈ្នះដោយពិន្ទុ ឈ្នះដោយគូប្រកួតសន្លប់ ឈ្នះដោយគូប្រកួតសុំចុះចាញ់ និងឈ្នះដោយរបួស ដែលអាជ្ញាកណ្តាលជាអ្នកបញ្ឈប់។ ជារួម ឯកឧត្តមអនុប្រធានអះអាងថា រាល់ការកំណត់ការឈ្នះចាញ់ក្នុងការប្រកួតនីមួយៗ សុទ្ធតែយោងទៅគោលការណ៍ច្បាស់លាស់។
មន្ត្រីជំនាញនៃគណៈវិនិច្ឆ័យបានបញ្ជាក់ថា ការប្រកួតរវាងកីឡាករ រិទ្ធី សូសែន និងកីឡាករឡាវ Thongbang Seuaphom ប្រកួតវិលជុំសន្សំពិន្ទុ ដណ្តើមខ្សែក្រវាត់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ (សង្វៀនបាយ័នស្ទឹងមានជ័យ)។ ក្រោយការប្រកួតបញ្ចប់៥ទឹក គណៈវិនិច្ឆ័យបានសម្រេចឱ្យកីឡាករ រិទ្ធី សូសែន ឈ្នះដោយពិន្ទុ ៩៧ ទល់ ៩៦ (កីឡាករ Thongbang បង្គោលខៀវ) ដែលក្នុងនោះនៅទឹកទី១ ចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុ រិទ្ធី សូសែន ស្ថិតក្នុងបង្គោលក្រហម ពិន្ទុ ២០-១៩, ទឹកទី២ ក្រហមពិន្ទុ ២០ និងខៀវ ១៩ពិន្ទុ,ទឹកទី៣ ក្រហម ១៧ (រាប់២ដងដក៣ពិន្ទុ) ខៀវ ២០ពិន្ទុ, ទឹកទី៤ ក្រហម ២០ ខៀវ១៩ និងទឹកទី៥ ក្រហមទទួលបានពិន្ទុ ២០ និងខៀវ ពិន្ទុ១៩។ សរុបពិន្ទុ ក្រហម ៩៧ ទល់នឹង ខៀវ ៩៦។
ការប្រកួតប្រដាល់គុនខ្មែរចៅក្រមដាក់ពិន្ទុតាមទឹក ពីទឹក១ដល់ទឹក៥ អ្នកឈ្នះបាន២០ពិន្ទុ អ្នកចាញ់បាន១៩ពិន្ទុ រាប់ម្តងដក២ពិន្ទុ រាប់២ដងក្នុង១ទឹកដក៣ពិន្ទុ អ្នកដែលសរុបពិន្ទុមកច្រើនជាងគេ ជាអ្នកឈ្នះដូច្នេះក្នុងករណីគូប្រកួតនេះ កីឡាករបង្គោលក្រហម រិទ្ធី សូសែន បានយកឈ្នះកីឡាករឡាវ Thongbang Seuaphom។ ការដាក់ពិន្ទុប្រដាល់គុនខ្មែរគឺយោងទៅតាមបទបញ្ជាប្រកួតដែលទើបនឹងបោះពុម្ពផ្សាយ កាលពីចុងឆ្នាំ២០២៤ ដោយអនុវត្តតាមលក្ខណៈតួរលេខ និងគណនេយ្យភាពត្រឹមត្រូវ មិនមែនដាក់ពិន្ទុដោយការសន្មត់ទេ ដោយការសន្មត់ គឺគ្មានភាពច្បាស់លាស់នោះឡើយ។
បញ្ជាក់បន្ថែមជុំវិញលើបញ្ហានេះ លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា តាមការពិត គឺសហព័ន្ធតែងចង់បានការដាក់ពិន្ទុក្នុងភាពសុក្រឹតបំផុត ហើយសហព័ន្ធក៏មិនដែលព្រងើយកន្តើយចំពោះបញ្ហាដែលកើតមានឡើងនោះឡើយ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែខិតខំប្រឹងប្រែងធ្វើកិច្ចការងារដឹកនាំការប្រកួតឱ្យបានល្អប្រសើរ។ ជុំវិញការផ្ទុះបញ្ហារិះគន់លើការប្រកួតនេះដែរ សហព័ន្ធក៏មិនបានទុកចោលរឿងនេះដោយមិនបានយកចិត្តទុកដាក់នោះដែរ ដោយថ្នាក់ដឹកនាំសហព័ន្ធបានកោះប្រជុំជាបន្ទាន់ ក្នុងការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយតាមគោលការណ៍សហព័ន្ធជាបន្តបន្ទាប់ផងដែរ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ