រដ្ឋមន្ត្រីក្រសួងបរិស្ថានសាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន
(ភ្នំពេញ)៖ កុមារគឺជាអនាគតដ៏រឹងមាំរបស់ជាតិ ដែលតម្រូវឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាអ្នកចេះដឹង និងអ្នកជំនាញ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចេញសារាចរណែនាំឲ្យស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសរីករាយ និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់កុមារស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ។
ក្នុងពិធីនេះ សិស្សានុសិស្សជាង ៥០០ នាក់បានទទួលសារអប់រំក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។
ក្រៅពីការផ្តល់សារអប់រំអំពីភាពស្អាត និងភាពបៃតងប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអភិបាលខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចូលរួមដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណសាលា ដើម្បីបង្ហាញគំរូដល់យុទ្ធនាការ «ពន្លកបៃតងកម្ពុជាប្រកបដោយចីរភាព»។ ក្នុងឱកាសនោះ សិស្សានុសិស្សប្រមាណជាង ៥០០នាក់ ក៏ទទួលបានសម្ភារៈសិក្សា អង្ករ ៥ គីឡូក្រាម និងសម្ភារៈកីឡាពីអង្គការមូនិធិសប្បុរសធម៌ oneroad ផងដែរ ៕








ដោយ ៖ ង៉ាន់ ទិត្យ