ប្រេងម៉ាស៊ីនលំដាប់កំពូលរបស់ជប៉ុន ENEOS បន្ដភាពជោគជ័យរបស់ខ្លួនលើទីផ្សារកម្ពុជា ជាមួយការជួបជុំអតិថិជនប្រចាំឆ្នាំលើកទី៨
(ភ្នំពេញ)៖ ក្រុមហ៊ុន Professional Trader (Cambodia) និងក្រុមហ៊ុនប្រេងម៉ាស៊ីន ENEOS ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា ដើម្បីថ្លែងអំណរគុណដល់អតិថិជនចំពោះការគាំទ្រប្រេងម៉ាស៊ីន ENEOS ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពល្បាញល្បី និងប្រកួតប្រជែងក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ នៃមហាគ្រួសារ ENEOS ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា ពិធីនៅថ្ងៃនេះ គឺជាពិធីជួបជុំប្រចាំឆ្នាំលើកទី៨ ចាប់តាំងពីក្រុមហ៊ុនបានប្រតិបត្តិការលក់ផលិតផលប្រេងម៉ាស៊ីន ENEOS អស់រយៈពេល៩ឆ្នាំកន្លងទៅ។ ការប្រារព្ធពិធីជួបជុំនេះ មានគោលបំណងដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អតិថិជនទាំងអស់ ចំពោះប្រេងម៉ាស៊ីន ENEOS ក៏ដូចជាបង្កើតឲ្យមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាងអតិថិជន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។
បន្ថែមពីនេះ លោក សូ សុខប៊ុនថេត ប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន Professional Trader (Cambodia) បានបញ្ជាក់ថា ក្រុមហ៊ុននេះបានបង្កើតចាប់តាំពីឆ្នាំ២០០៩ នឹងបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការចែកចាយផលិតផលប្រេងម៉ាស៊ីន ចូលរួមពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងផ្តល់សេវាប្រឹក្សាយល់ផ្នែកអាជីវកម្មជាដើម។
នៅក្នុងឆ្នាំ២០១៦ កន្លងទៅក្រុមហ៊ុនបានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា ដែលនេះជាចំណែកមួយធំនៃការគ្រប់គ្រងចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន។ ក្នុងពេលអនាគតឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Professional Trader (Cambodia) នឹងដាក់ឲ្យដំណើការសេវាថ្មីមួយបន្ថែមទៀត គឺការបង្កើតក្រុមហ៊ុនមេធាវី ដែលនឹងមានទីស្នាក់ការនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមហ៊ុនមេធាវីនេះ នឹងផ្តល់សេវាផ្នែកច្បាប់រួមមាន ការការពារក្តីតាមប្រព័ន្ធតុលាការ ការតាត់តែងលិខិតបទដ្ឋាននានា ការតាក់តែងកិច្ចសន្យាពាណិជ្ជកម្ម កិច្ចសន្យាជួលបញ្ចាំផ្សេងៗ និងការប្រឹក្សាយោបល់ផ្នែកច្បាប់ជាដើម។ ជាមួយការដាក់ឲ្យដំណើការក្រុមហ៊ុនមេធាវីនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន Professional Trader (Cambodia) និង ENEOS Cambodia ទាំងអស់ ដោយក្រុមហ៊ុនមេធាវីនឹងផ្តល់អាទិភាព ក៏ដូចជាផ្តល់សាវាក្នុងតម្លៃពិសេស សម្រាប់អតិថិជនយើងទាំងអស់នៅពេលដែលពួកគេមានតម្រូវការសេវាផ្នែកច្បាប់។
ក្រៅពីការផ្តោតយកចិត្តទុកដាក់អភិវឌ្ឍន៍ទីផ្សារប្រេងម៉ាស៊ីន ENEOS លោកឧកញ៉ា សូ សុខប៊ុនលីម ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការយកភាពជោគជ័យរបស់អាជីវកម្មប្រេងម៉ាស៊ីន ENEOS ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសកម្មភាពគាំពារសង្គម ការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញកំណើនទេសចរណ៍ជាដើម។ល។
ជាមួយនឹងការប្តេជ្ញាចិត្តនេះ លោកឧកញ៉ា សូ សុខប៊ុនលីម បានអះអាងថា កន្លងទៅក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងបេសកកម្មកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមា។ សកម្មភាពនេះជាគោលដៅយុទ្ធសាស្ត្រអាទិភាព នៃសកម្មភាពគាំពារសង្គមរបស់ក្រុមហ៊ុន តាមរយៈការចែកមួកសុវត្ថិភាព និងរបាំងសម្រួលចរារចរណ៍ទៅកាន់សាលារៀនតាមបណ្តាលខេត្តនានា ដែលនៅជាប់ដងផ្លូវជាតិ។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា សូ សុខប៊ុនលីម, ចាប់ពីតាំងឆ្នាំ២០១៧កន្លងមក ក្រុមហ៊ុនបានចែកចាយនូវមួកសុវត្ថិភាពចំនួន១៣,៥០០មួក និងរបាំងសម្រួលចរាចរណ៍ចំនួន៧០០ផ្ទាំង សរុបជាទឹកប្រាក់ចំនួនប្រមាណ៤០០លានរៀល ទៅកាន់ខេត្តចំនួន៤គឺ ខេត្តកំពង់ស្ពឺ, កណ្តាល, បាត់ដំបង និងស្ទឹងត្រែង។
ឧកញ៉ា សូ សុខប៊ុនលីម បានលើកឡើងថា គោលបំណងចម្បង នៃគម្រោងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ ក្នុងចំណោមសិស្សានុសិស្ស ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន និងអ្នកបើកបរទូទៅ ជាពិសេសដើម្បីបណ្ដុះគំនិត នៃការពាក់មួកសុវត្ថិភាពពីកុមារភាព បង្កើតឲ្យក្លាយទៅជាទម្លាប់ និងភាពស៊ាំនៃការប្រើប្រាស់មួកសុវត្ថិភាព។ ដោយឡែក ចំពោះផ្ទាំងសម្រួលចរាចរណ៍ ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសុវត្ថិភាព ក្នុងការសម្រួលចរាចណ៍ ដល់សិស្សានុសិស្ស ដែលធ្វើដំណើរចេញពីសាលារៀន ឆ្លងកាត់ផ្លូវដែលមានចរាចរណ៍មមារញឹក ជាពិសេសសាលារៀនដែលនៅជាប់ដងផ្លូវជាតិ។
លោកឧកញ៉ា សូ សុខប៊ុនលីម បន្ថែមទៀតថា ក្រៅពីសកម្មភាពគាំពារសង្គម ក្រុមហ៊ុនក៏បានចូលរួម ក្នុងការគាំទ្រទៅលើវិស័យកីឡាយានយន្ត ក្នុងគោលបំណងផ្សាភ្ជាប់រវាងកីឡាយានយន្ត និងទេសចរណ៍ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងកម្ពុជា តាមរយះការទាក់ទាញកីឡាករ និងអ្នកស្រលាញ់វិស័យកីឡាយាន្តយន្តនៅបរទេសមកចូលរួមព្រឹត្តិការណ៍កីឡានានានៅក្នុងប្រទេសកម្ពុជាផងដែរ។ ដោយ ទីផ្សារ















