អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងអគ្គរដ្ឋអាជ្ញារុស្ស៊ី ប្តេជ្ញាសហការរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានប្តេជ្ញាសហការរួមគ្នាប្រយុទ្ធប្រឆាំង អំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និង ស៊ើបអង្កេត ។ ការប្ដេជ្ញាដូចនេះបានធ្វើឡើងនៅក្នុងឱកាសគណៈប្រតិភូអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីចំនួន ១៨ រូប ដឹកនាំដោយឯកឧត្តម អ៊ីហ្គូ ក្រាស្នូវ(IGOR KRASNOV )អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នាសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។គណៈប្រតិភូអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃចាប់ថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំដើម្បីឱ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែអាកប្បកិរិយាអសកម្ម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការបង្កើតសៀវភៅប្រឆាំងអំពើពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ និងមានគ្រូបង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង ។

ចំណែកឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ក៏បានជម្រាបអំពីការអប់រំ បណ្តុះបណ្តាល មន្ត្រីរាជការ យុវជន កុមារ និងគ្រួសារ រួមទាំងញាតិសន្តានជិតស្និទ្ធទាំងអស់ឱ្យមានអាកប្បកិរិយា ប្រឆាំងអំពើពុករលួយ នៅសហព័ន្ធរុស្ស៊ីផងដែរ ។

ឯកឧត្តមប្រធាន អ.ប.ព. បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី មានសារសំខាន់ចំពោះទំនាក់ទំនង ការចែករំលែកព័ត៌មាន និងយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយ ការពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ រវាងអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងអំពើពុករលួយទាំងពីរ ។

ឯកឧត្តម Igor KRASNOV មានប្រសាសន៍ថា អំពើពុករលួយ ជាឧបសគ្គមួយ បើយើងប្រឹងប្រែងរួមគ្នា នោះកិច្ចការប្រឆាំងអំពើពុករលួយ នឹងទទួលបានប្រសិទ្ធភាព ។ ឯកឧត្តម ត្រៀមខ្លួនគ្រប់ការសន្ទនា សហការបើកចំហជាមួយ អ.ប.ព. គោរពគ្នាទៅវិញទៅមក ជាដៃគូរបស់យើង ផលប្រយោជន៍រួម ។
ភាគីទាំងពីរ ក៏បានសម្តែងនូវក្តីរីករាយចំពោះការផ្លាស់ប្តូរ និងផ្តល់ព័ត៌មានថ្មីៗ ល្អៗ ពីគ្នាទៅវិញទៅមក និងបទពិសោធជាក់ស្តែង ដែលជាដើមទុនមួយ ឆ្ពោះទៅរកការវិវឌ្ឍនាពេលអនាគត ហើយត្រៀមខ្លួន ចែករំលែកបទពិសោធផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ប្រឆាំងអំពើពុករលួយ ។
ក្នុងឱកាសនេះដែរ ក៏មានពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រីកទំនាក់ទំនងអន្តរស្ថាប័ន លើក្របខណ្ឌច្បាប់ នៃអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងពុករលួយទាំងពីរ និងប្រទេសទាំងពីរ ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរ នឹងអនុវត្តកិច្ចសហប្រតិបត្តិការគ្នាតាមទម្រង់នានា ដូចជា ការផ្លាស់ប្ដូរបទពិសោធន៍ ឧត្តម្មានុវត្តន៍និងព័ត៌មាន ក្នុងផ្នែកប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការរៀបចំកម្មវិធីអន្តរជាតិរួមគ្នា, ការពិគ្រោះយោបល់ លើបញ្ហាផ្លូវច្បាប់, ជំនួយផ្នែកច្បាប់ទៅវិញទៅមក, ការស៊ើបអង្កេត, ការបណ្តុះបណ្តាលបង្កើនសមត្ថភាព របស់មន្ត្រី និងការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្ររួមគ្នា ក្នុងវិស័យប្រយុទ្ធប្រឆាំងអំពើពុករលួយជាដើម ។
សូមបញ្ជាក់ថា លក្ខណៈពិសេស នៃការិយាល័យរដ្ឋអាជ្ញារុស្ស៊ី គឺមិនស្ថិតក្រោមអំណាចទាំងបី (នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ) និងស្ថិតនៅក្រោមប្រធានាធិបតីតែម្នាក់គត់ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ
