ប្រទះឃើញកូនសត្វត្មាតភ្លើងទើបកើតថ្មីក្នុងដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖កូនសត្វត្មាតដែលជាសត្វដ៏កម្រត្រូវបានគេប្រទះឃើញទើប​តែញាស់ចេញពីសំបុកក្នុងដែនជម្រកសត្វព្រៃលំផាត់ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បាន​និយាយថា”យើងពិតជាមានសេចក្តីសោមនស្សរីករាយ​យ៉ាងក្រៃលែង ក្នុងការចែករំលែកដំណឹងល្អ ពីការកត់ត្រាឃើញវត្តមានកូនសត្វត្មាត​ភ្លើង នៅទីតាំងអាហារ​ដ្ឋានត្មាតរបស់​យើងក្នុងដែនជម្រកសត្វព្រៃ​លំផាត់”។

ចាប់ពីចុងខែឧសភា នេះទៅគឺជាពេលវេលាដែលកូនត្មាតទាំងនេះចាប់​ផ្តើម​រៀនហើរចេញពីសំបុកជាលើកដំបូង ដើម្បីស្វែងរកចំណីតាមមេ​របស់ពួកវា។

សូមជម្រាបថា ត្មាតភ្លើង ដែលឈ្មោះជាភាសាបរទេស red-headed vulture មានកម្ពស់ពី ៧៦ ទៅ ៨៦ សង់ទីម៉ែត្រ។ វាមានដងខ្លួន​ពណ៌​​ខ្មៅ។ ឯក្បាល និង ជើងពណ៌ក្រហម ។ភ្លៅរបស់វាមានរោម​ពណ៌ស និងមានឆ្នូតស តាម បណ្ដោយ​កណ្ដាលស្លាបផ្នែកខាង​ក្រោម។ ចំណែកសត្វត្មាតភ្លើងញីមានភ្នែកពណ៌ខ្មៅ និងឈ្មោលមាន ភ្នែក ពណ៌លឿង។

ទីជម្រករបស់វាគឺតំបន់ព្រៃល្បោះដែលមានអូរនៅខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា ។ គេឃើញមានវត្តមានរបស់ត្មាតភ្លើងពេញមួយឆ្នាំ ។រដូវបន្តពូជរបស់​ត្មាតភ្លើងគឺចាប់ពីខែតុលា ដល់ខែឧសភា ក្នុងមួយ រដូវមានពងកូន​ចំនួនមួយ ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានលើកឡើងថា អាហារដ្ឋានត្មាតនៅ​ដែនជម្រកសត្វព្រៃលំផាត់ កំពុងរួមចំណែកយ៉ាង​សំខាន់ក្នុងការផ្តល់​អាហារបន្ថែមដល់សត្វត្មាត ដែលជាប្រភេទសត្វរងគ្រោះជិត​ផុតពូជ​បំផុត។ ក្នុងខែឧសភា ឆ្នាំ២០២៥​នេះ អាហារដ្ឋានត្មាត​របស់យើង​បានកត់ត្រាឃើញគ្រួសារត្មាតភ្លើង ដែលមានសមាជិក ៥ ក្បាល បានចុះមកស៊ីចំណី ដែលយើងផ្តល់ប្រចាំខែក្នុងនោះមានកូន​ចំនួន២​ក្បាល។ វត្តមានរបស់សត្វត្មាតទាំងនេះ គឺជាសញ្ញាវិជ្ជមានដ៏​សំខាន់​សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់យើង ដែលបង្ហាញថាប្រភេទ​ត្មាត​ភ្លើងបានបន្តពូជដោយ​ជោគជ័យនៅតំបន់​ទេសភាពនៃដែនជម្រក​សត្វព្រៃលំផាត់។

ដែនជម្រកសត្វព្រៃលំផាត់គឺជាទីតាំងដែលក្រសួងបរិស្ថាននិងអង្គការជីវិតធម្មជាតិនៅកម្ពុជាកំពុងអនុវត្តគម្រោងឥណទានកាបូន (រេដបូក)​ក្នុងគោលបំណងការពារព្រៃឈើនិងជីវចម្រុះដើម្បីបានជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។ការកត់​ត្រាវត្តមានកូនត្មាតភ្លើងដែលទើប​ចាប់​ផ្តើមហោះហើរនេះគឺជាសញ្ញាដែលបញ្ជាក់ថាគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់បានចូលរួមក្នុងការអភិរក្សប្រភេតសត្វជិតផុតពូជបំផុត។

គប្បីបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទ សត្វស្លាបកម្រ និងជិតផុតពូជបំផុតក្នុងប្រទេសកម្ពុជា។
អ្នកជំនាញបានពន្យល់​ថា សត្វត្មាត ជាប្រភេទសត្វស្លាប ដែល មានសារៈប្រយោជន៍ ដល់ប្រព័ន្ធអេកូឡូស៊ី៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner