ក្រុមហ៊ុន Bin Zayed International Berhad (M) បង្ហាញ​ចំណាប់​អារម្មណ៍វិនិយោគនៅកម្ពុជា

គូឡាឡាំពួ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុង​គូឡាឡាំពួប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាត​ឱ្យ លោក Dato’ Sri Dr. Shamir Kumar Nandy, ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bin Zayed International Berhad (BZI) (M) ចូលជួបសម្ដែង​ការគួរ​សម នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន BZI បានជម្រាប​ជូន​សម្ដេច​បវរធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការ​អាជីវកម្ម​របស់ក្រុមហ៊ុន​នៅក្នុងតំបន់ និងបណ្ដាប្រទេសនានា​ លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោកបញ្ជាក់បន្តថា អាស្រ័យលក្ខណៈអំណោយផល នៃបរិស្ថាន​វិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍​ក្នុង​ការស្វែងរកឱកាសបណ្ដាក់ទុន វិនិយោគនៅកម្ពុជា ។

បញ្ជាក់ជូនលោកប្រធានក្រុមហ៊ុន BZI , សម្ដេចបវរធិបតី បាន​សម្ដែង​នូវក្ដីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានលើក​ឡើង​ពីការដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តនានា ដើម្បីគាំទ្រការវិនិយោគ និងដើម្បី​ធានា​បរិយាកាសវិនិយោគមួយ ដែលអំណោយផលដល់វិនិយោគិន តាមរយៈការដាក់ចេញនូវច្បាប់​ស្តីពីវិនិយោគ​ និងគោលនយោបាយពាក់ព័ន្ធដែលមានភាពបត់បែន, ជាក់ស្ដែង និងប្រាកដនិយម។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវិស័យ សក្ដានុពលដែលក្រុមហ៊ុន​អាចពិនិត្យលទ្ធភាពវិនិយោគ។ សម្ដេច​បានលើក​ទឹកចិត្តដល់ក្រុមហ៊ុន​ឱ្យភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីឱកាស​វិនិយោគ​ជាក់ស្ដែងនៅកម្ពុជា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner