សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចាក​ចេញពីប្រទេសម៉ាឡេស៊ីបន្តដំណើរទៅប្រទេសជប៉ុន

គូឡាឡាំពួ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន​អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិនៃប្រទេសម៉ាឡេស៊ី នាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តដំណើរទៅ​កាន់​ប្រទេសជប៉ុន បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កា ក្នុងកិច្ចប្រជុំកំពូល​អាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យ​ដឹងថា បំពេញទស្សនកិច្ចការងារផ្លូវការនៅ ប្រទេស​ជប៉ុន របស់សម្តេច​ធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា តបតាម​ការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបវរធិបតី នឹងមានជំនួបពិភាក្សា​ទ្វេភាគីជាមួយ ឯកឧត្តម អ៊ីស៊ីបា ស៊ីហ្គេរ៉ូ(ISHIBA Shigeru) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចធិបតី ក៏គ្រោងនឹងមាន​ជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយថ្នាក់​ដឹកនាំ នៃស្ថាប័ននីតិបញ្ញត្តិ​ជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ នៅក្នុង សន្និសីទអន្តរ​ជាតិ លើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ លើសពីនេះសម្តេច​ធិបតី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះ​សំណាល​ជាមួយ សហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ ។

ជំវិញដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសជប៉ុននេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថានទំនាក់​ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចនេះ គឺជាការផ្តល់​នូវសន្ទស្សន៍ថ្មីថែមទៀត សម្រាប់​ទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ត្បិតទំនាក់ទំនងរវាង​ប្រទេសទាំងពីរ គឺកំពុង​តែមាន​ការអភិវឌ្ឍរីកចម្រើនស្រាប់ ដោយ​កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា និងជប៉ុន គឺបានដំឡើងកម្រិត​ទំនាក់ទំនង​ការទូតរបស់ខ្លួន រហូតដល់ទៅភាពជាដៃគូរ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដែលនេះ គឺជាការវិវត្តថ្មីក្នុងរយៈពេលជាង៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីក និងមានលក្ខណៈស៊ីជម្រៅទៅលើវិស័យជាច្រើន ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ បច្ចេកវិទ្យា រហូតទៅដល់​សន្តិសុខសាយប័រទៅទៀត ។

បណ្ឌិត គិន ភា បានបន្តថា ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ទៅកាន់ប្រទេសជប៉ុននេះ គឺមានសារៈសំខាន់ សម្រាប់​កម្ពុជា ក៏ដូចជា សម្រាប់ប្រទេសជប៉ុនដែរ ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ​បន្ថែមទៀត ហើយក៏ជាការបញ្ជាក់អំពី​ដំណើរការធ្វើពិពិធកម្មការ​ទូតរបស់កម្ពុជា ដូចដែលរាជរដ្ឋាភិបាល តែងតែបានបញ្ជាក់ម្តង​ហើយម្តងទៀតថា កម្ពុជា គឺប្រកាន់ភ្ជាប់ នូវគោលនយោបាយការ​បរទេសមួយដែលមិនយកប្រទេសណាជាសត្រូវ ហើយក៏មិនចូលរួម​ជាមួយ​ប្រទេសណា ដើម្បីប្រឆាំងជាមួយប្រទេសណាដែរ គឺកម្ពុជា តែងតែមានបំណងប្រាថ្នា និងសុឆន្ទៈក្នុងការពង្រឹងពង្រីក ទំនាក់​ទំនងការទូតរបស់ខ្លួន ជាមួយបណ្តាប្រទេសនានាទាំងអស់ ទាំង​ក្របខណ្ឌប្រទេសក្បែរខាង ប្រទេសនៅក្នុងតំបន់ និងពិភពលោក មិនដូចការចោទប្រកាន់ថា កម្ពុជា មានទំនាក់ទំនងចាក់ទឹកមិនលិច​ស៊ីជម្រៅតែជាមួយប្រទេសចិនទេ គឺជប៉ុន ក៏ជាប្រទេសដែលមាន​ទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹង​កម្ពុជាផងដែរ ។ ទំនាក់ទំនងកម្ពុជា ជប៉ុន គឺចងដោយចំណង​ប្រវត្តិសាស្ត្រយូរអង្វែង ហើយនិងប្រវត្តិ នៃការគាំទ្រគ្នាទៅវិញទៅមក ជាពិសេស ចាប់ពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក ឃើញថា ប្រទេសជប៉ុន បានដើរតួនាទីដ៏មានសារៈ​សំខាន់ ក្នុងដំណើរ​ការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារនិងអភិវឌ្ឍន៍ប្រទេស​កម្ពុជាឡើងវិញ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner