ផ្ទុះរោងចក្រគីមីចិន ស្លាប់ ៥នាក់ បាត់ខ្លួន ៦នាក់
ប៉េកាំង ៖ មនុស្សយ៉ាងតិច ៥នាក់បានស្លាប់បាត់បង់ជីវិត និង ៦នាក់ផ្សេងទៀតកំពុងបន្តខ្លួននៅឡើយ បន្ទាប់ពីឧប្បទ្ទវហេតុផ្ទុះដ៏ធំនៅរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសចិន កាលពីថ្ងៃអង្គារ។
ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅរោងចក្រគីមី Youdao នៅម៉ោងប្រហែល ១២យប់ (ម៉ោងក្នុងតំបន់) នៅទីក្រុង Gaomi ខេត្ត Shandong មានចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីប៉េកាំង នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លាមៗ សេវាសង្គ្រោះបន្ទាន់បានបញ្ជូនឡានពន្លត់អគ្គិភ័យចំនួន ៥៥គ្រឿង និងក្រុមអ្នកសង្គ្រោះបឋមចំនួន ២៣២នាក់ទៅកាន់កន្លែងកើតហេតុ។
រោងចក្រ Youdao Chemical ជាទីតាំងផលិតថ្នាំសម្លាប់សត្វល្អិត តែមានជាតិពុលទាបប៉ុណ្ណោះ បានផ្តល់ការងារដល់មនុស្សប្រហែល ៣០០នាក់ សាងសង់នៅលើផ្ទៃដីទំហំ ៤៧ហិកតា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ចិន The Paper។
គ្រោះថ្នាក់ផ្នែកឧស្សាហកម្មបែបនេះ តែងតែកើតឡើងជាញឹកញាប់នៅចិន ទោះបីជាប្រទេសនេះមានស្តង់ដារសុវត្ថិភាពក៏ដោយ ក៏នៅតែមានការរំលោភបំពាន និងមិនគោរពតាម។
តួយ៉ាង ក្នុងឆ្នាំ២០១៥ មានហេតុការណ៍ផ្ទុះនៅឃ្លាំងផ្ទុកសារធាតុគីមីមួយ ដែលបានឆាបឆេះទីក្រុងកំពង់ផែ Tianjin សម្លាប់មនុស្សជាង ១៧០នាក់ និង ៧០០នាក់ផ្សេងទៀតរងរបួស៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា