ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ទទួលជួបសម្តែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។
ក្នុងជំនួបនេះ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសង្កេតឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងច្រើន ជាពិសេសគឺការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់អគារផ្សេងៗដោយរក្សាបាននូវរចនាបទខ្មែរយ៉ាងប្រណីតដូចជាអគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះជាដើម ពិសេសកត់សម្គាល់អំពីភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសលើស្ថាបត្យកម្មខ្មែរនាសហសម័យ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ដូច្នេះស្ថានទូតវៀតណាមនៅកម្ពុជា បានខិតខំប្រឹងប្រែងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបានអំពាវនាវនិងស្នើដល់បណ្ដាស្ថាប័ន ក្រុមហ៊ុនសហគ្រាសរបស់វៀតណាម អោយមកបន្តស្វែងរកឱកាសវិនិយោគបន្ថែមទៀតលើវិស័យនានា ដូចជា ៖ កសិកម្ម និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ពីព្រោះវៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងដែលត្រូវជួយគ្នាទៅវិញទៅមក និងរួមគ្នាក្នុងកិច្ចអភិវឌ្ឍន៍ ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងសហការីដែលបានមកដល់ទីស្ដីការក្រសួងនាពេលនេះ ។
ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ការសាងសង់អគារទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគារក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ រួមជាមួយអគារអគ្គបញ្ជាការកងទ័ព និងអគារស្នងការនគរបាលដែលត្រៀមនឹងសាងសង់នោះគឺជាស្ថាបត្យកម្មខ្មែរសហសម័យ ហើយនេះជានិមិត្តរូបនៃការរស់រានឡើងវិញនៃស្ថាបត្យកម្មខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា អ្វីដែលឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងសហការីបានមើលឃើញនោះគឺមិនអាចកាត់ផ្ដាច់ពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាមក៏ដូចជាការប្ដេជ្ញាចិត្តផ្នែកនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំទាំងបក្សទាំងរដ្ឋរបស់វៀតណាម ដោយបានលះបង់យ៉ាងច្រើនដើម្បីជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដែលនេះគឺជាស្មារតីក្នុងនាមជាអ្នកជិតខាងគ្នានិងជាទំនៀមទម្លាប់ប្រពៃណីល្អរវាងប្រទេសទាំងពីរក្នុងការជួយគ្នាទៅវិញទៅមក ដោយកាលពីមុន កម្ពុជាក៏បានជួយវៀតណាមក្នុងការបង្រួបបង្រួមជាតិផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញប្រាប់អំពីដំណាំសក្តានុពលដូចជាស្រូវអង្ករ ស្វាយចន្ទី ទុរេននិងកាហ្វេ ជាដើមដែលអ្នកវិនិយោគវៀតណាមអាចមកវិនិយោគលើប្រភេទដំណាំទាំងនេះនៅកម្ពុជាដើម្បីបង្កើនការនាំចេញ ហើយកម្ពុជាស្វាគមន៍ចំពោះអ្នកវិនិយោគវៀតណាមដែលមានបំណងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាទាំងវិស័យកសិកម្ម ធនាគារនិងអចលនទ្រព្យ ដោយកម្ពុជាឈរលើស្មារតីភាពជាបងប្អូន ជាអ្នកជិតខាងល្អដែលអាចរៀនរស់ជាមួយគ្នានិងរីកចម្រើនជាមួយគ្នាបាន៕






ដោយ / គ្រី សម្បត្តិ