សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខសពកងកម្លាំងមួកខៀវ ២នាក់ ដែលពលីក្នុងពេលបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

(ភ្នំពេញ)៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព វរសេនីយ៍ឯក ដួង ម៉ាហ្គាលី ប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់ នៃកងអនុសេនាធំ រាជអាវុធហត្ថលេខ៨៧២ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងអនុសេនីយ៍ទោ ផាត មុន្នី អនុប្រធានក្រុមប្រតិបត្តិការ ដែលបានពលីកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២០:៥០នាទី ក្នុងជន្មាយុ ៣៤ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ។

សពវរសេនីយ៍ឯក ដួង ម៉ាហ្គាលី ត្រូវបានដឹកត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ និងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកសពអនុសេនីយ៍ទោ ផាត មុន្នី កំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសីសទីបមូលីយារាម (ហៅវត្តក្បាលកោះ) ស្ថិតក្នុងសង្កាត់កោះឧកញ៉ាតី ក្រុងអិយក្សត្រ ខេត្តកណ្តាល ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ បានប្រគល់នូវសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនក្រុមគ្រួសារនៃសព ដែលមានខ្លឹមសារថា «ខ្ញុំ និងសហការី សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យពន់ពេក ជាមួយនិងឧបាសិកា ចំពោះការបាត់បង់ កូនជាទីស្រឡាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់ ។

ការលាចាករបស់ វរសេនីយ៍ឯក ដួង ម៉ាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី ជាការបាត់បង់វីរៈយុទ្ធជន-យុទ្ធនារីកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកនាំសុខសន្តិភាព មិនត្រឹមតែជូនជាតិ ប្រជាជននៃសាធារណរដ្ឋស៊ូដង់ខាងត្បូងប៉ុណ្ណោះទេ តែមានគុណតម្លៃចំពោះសន្តិភាពពិភពលោកទាំងមូល។

កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ឯក ដួង ម៉ាហ្គាលី និងដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ទោ ផាត មុន្នី បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner