ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី

(កំពង់ចាម)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួន ស្ត្រីត្រូវបានបំបិទសិទ្ធិ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត ។ នេះជាប្រសាសន៍លើកឡើងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១)បង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២)បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣)បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង(៤)ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើរបាយការណ៍ជាតិ និងបញ្ជូនគណៈប្រតិភូសិទ្ធិមនុស្ស ទៅការពាររបាយការណ៍ទាំងនោះ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលយើងគ្រប់គ្នាគួរមានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់អភិបាលខេត្តកំពង់ចាម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅរៀបរាប់ពីវឌ្ឍនភាព ក៏ដូចជាភាពរីកចម្រើននៅក្នុងខេត្តទាំងមូល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំជាខ្លាំងផងដែរ ។ មួយវិញទៀត គ.ស.ម.ក ក៏តែងតែចូលរួម ការពារសិទ្ធិរបស់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា និងជនមានពិការភាព ហើយសេរីភាពនៃជំនឿសាសនា ក៏ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិពេញលេញក្នុងការជ្រើសរើសផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner