អាមេរិក និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាជាលើកដំបូង

ម៉ានីល ៖ កងម៉ារីនអាមេរិកគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប ហៅកាត់ NMESIS ក្នុងអំឡុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីនជាលើកដំបូង។

កងម៉ារីនអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធជើងទឹកប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនាខាងមុខ។ បើតាមមេបញ្ជាការកងម៉ាទីនហ្វីលីពីន លោក Arturo Rojas ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប NMESIS ក្នុងអំឡុងការហាត់ហ្វឹកហ្វឺនដីគោក និងការហាត់សមពាក់ព័ន្ធដទៃទៀត។

ប្រព័ន្ធនេះ នឹងប្រើប្រាស់យានគ្មានមនុស្សបើកហោះបញ្ជាពីចម្ងាយវាយប្រហារមីស៊ីលប្រឆាំងនាវា ដែលមានចម្ងាយលើសពី ១៨០គីឡូម៉ែត្រ។ បើតាមមន្ត្រីអាមេរិក ប្រព័ន្ធនេះនឹងជួយពង្រឹងការការពារហ្វីលីពីន ហើយអនុញ្ញាតឱ្យប្រទេសអាស៊ីនេះធ្វើទំនើបកម្មយោធារបស់ខ្លួន។

សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវបានរំពឹងថា នឹងមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ខណៈដែលការហ្វឹកហ្វឺននេះ គ្រោងធ្វើឡើងនៅភាគខាងជើងនៃកោះ Luzon របស់ហ្វីលីពីន ក្បែរកោះតៃវ៉ាន់។

សមយុទ្ធនេះទៀតសោត នឹងដំណើរការរហូតដល់ថ្ងៃទី៦ ខែមិថុនា ដោយមានយោធាអាមេរិក និងហ្វីលីពីនជាង ៤.០០០នាក់ ព្រមទាំងប្រទេសផ្សេងៗទៀត មានដូចជាជប៉ុន និង កូរ៉េខាងត្បូងចូលរួមផងដែរ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner