គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១០ ទៀត ក្នុងខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេស
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំលើកទី ១៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។
គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម ។
ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំជ្រាប អំពីបច្ចុប្បន្នភាពនៃ ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និង ការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និង ការនាំចេញរបស់កម្ពុជាផងដែរ ។ ទោះបីយ៉ាងណា, ស្ថានភាពនេះ ក៏បានបង្កើតកាលានុវត្តភាព សម្រាប់កម្ពុជា ក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងទាក់ទាញវិនិយោគពីប្រទេសផ្សេងៗ តាមរយ:ការបន្តខិតខំប្រឹងប្រែងទ្វេដង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគ ។
ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងបន្តខិតខំប្រឹងប្រែងថែមទៀត ជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និង ជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និងការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” ។
សូមជម្រាបជូនថា តាមការគ្រោងទុកនៅក្នុងខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខ ក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ប្រមាណ ៣០ គម្រោង ។ ដូច្នេះ, យើងពិនិត្យឃើញថា ទោះជាស្ថិតក្នុងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្តូរ និង មិនមានភាពប្រាកដប្រជាក៏ដោយ ក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅបន្តមាននិន្នាការកើនឡើង ដែលតាមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាជាងមុន ក្នុងការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការវិនិយោគ ។
ជាមួយនេះ, ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕





ដោយ៖ ង៉ាន់ ទិត្យ