ផ្ទុះជំងឺអាសន្នរោគស៊ូដង់ស្លាប់១៧០នាក់ ត្រឹម៧ថ្ងៃ
បរទេស ៖ អាជ្ញាធរសុខាភិបាលប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើង នៃជំងឺអាសន្នរោគ បានសម្លាប់មនុស្ស ជាង១៧០នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេលមួយសប្តាហ៍ ចំពេលមានការដួលរលំ នៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅ ជាងពីរឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលស៊ូដង់ បានរាយការណ៍ពីការឆ្លងជាង ២,៧០០នាក់ និងការស្លាប់១៧២នាក់ ក្នុងពេលមួយសប្តាហ៍ ដោយក្នុងនោះ ៩០ភាគរយ នៃករណីទាំងនេះ បានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី ខាទុំ (Khartoum)។
ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីរបស់រដ្ឋធានី ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារវាយប្រហារ របស់យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានស្តីបន្ទោស លើកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ RSF នៅក្នុងសង្គ្រាមជាមួយកងទ័ព ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។
ជំងឺអាសន្នរោគ គឺជាជំងឺរាតត្បាត កើតមានច្រើន នៅប្រទេសស៊ូដង់ ប៉ុន្តែ ការផ្ទុះឡើង កាន់តែអាក្រក់ទៅៗ និងកាន់តែញឹកញាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយសារតែមានការបំផ្លាញប្រព័ន្ធទឹក អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលផុយស្រួយ រួចស្រាប់ទៅហើយនោះ។ កាលពីថ្ងៃអង្គារ សប្តាហ៍មុន ក្រសួងបាននិយាយថា មនុស្សចំនួន៥១នាក់បានស្លាប់ ដោយសារជំងឺអាសន្នរោគ ក្នុងចំណោមជាង២,៣០០ករណី ក្នុងរយៈពេលបីសប្តាហ៍ កន្លងមកនេះ។
ក្រុម RSF នៅខែនេះ បានចាប់ផ្តើមការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅទូទាំងទីក្រុង ខាទុំ (Khartoum) រួមទាំង ស្ថានីយថាមពល ចំនួនបី មុនពេលត្រូវបានរុញច្រានទាំងស្រុង ចេញពីទីតាំង ដែលកាន់កាប់ចុងក្រោយ របស់ពួកគេ នៅក្នុងរដ្ឋធានី កាលពីសប្តាហ៍មុន៕



ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត