អាល្លឺម៉ង់បើកដៃឱ្យអ៊ុយក្រែនប្រើអាវុធខ្លួនវាយជ្រៅចូលទឹកដីរុស្ស៊ី
ប៊ែរឡាំង ៖ ស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារយន្តហោះដ្រូនទ្រង់ទ្រាយធំស្ទើររាល់យប់ប្រឆាំងអ៊ុយក្រែននោះ អាល្លឺម៉ង់បានសម្រេចចិត្តភ្លាមៗថា ខ្លួននឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើសព្វាវុធផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារក្នុងចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា អាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចដែលខ្លួនមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី។ លោក Merz បន្តថា ចាប់ពីពេលនេះ គ្មានការរឹតត្បិតតទៀតទេ ក្នុងការប្រើប្រាស់សព្វាវុធដែលប្រទេសលោកផ្គត់ផ្គង់ដល់អ៊ុយក្រែន។
លោក Merz បន្ថែមទៀតថា អាល្លឺម៉ង់នឹងសម្របសម្រួលជាមួយអង់គ្លេស បារាំង និងអាមេរិក ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ។ យ៉ាងណាមិញ មេដឹកនាំអាល្លឺម៉ង់រូបនេះ មិនបានបញ្ជាក់ច្បាស់ថាតើទីក្រុងប៊ែរឡាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលហោះក្នុងចម្ងាយ ៥០០គីឡូម៉ែត្រវាយប្រហារលើរុស្ស៊ីនោះទេ។ ប៉ុន្តែអ៊ុយក្រែនបាននិងកំពុងជំរុញឱ្យមានការផ្គត់ផ្គង់មីស៊ីលទាំងនោះ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា