សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសយ៉ាងហ្មឺងម៉ាត់ ចំពោះសកម្មភាពទាហានថៃ ចូលវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែន មុំបី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសយ៉ាងហ្មឺងម៉ាត់ ចំពោះសកម្មភាពទាហានថៃ ចូលវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែន មុំបី ដោយថា ជាការឈ្លានពាន និងបញ្ជាក់ថា មិនចង់ឃើញការប្រយុទ្ធណាមួយ កើតឡើងទេ ប៉ុន្តែសម្តេច គាំទ្រការសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន កម្ពុជា-ថៃ ដើម្បីការពារខ្លួន ក្នុងករណី មានការឈ្លានពានបែបនេះបន្តទៀត ។

តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែង នូវការសោកស្តាយ និងចូលរួមមរណទុក្ខ ជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ដោយសារការវាយឆ្មក់ ពីកងទ័ពឈ្លានពានថៃ ។
សម្តេចបានបញ្ជាក់ថា៖ ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះ កើតឡើងនោះឡើយ ដែលខ្ញុំ សូមថ្កោលទោស យ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្ត ឱ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែល ជាមួយការឈ្លានពាន កាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ ។
សម្តេចបានបន្តថា៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយ កើតឡើងនោះទេ តែខ្ញុំ គាំទ្រដល់ការសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានបន្តទៀត ។ ខ្ញុំសង្ឃឹមថា កាចរចា ដែលនឹងត្រូវធ្វើនៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ព ជើងគោក នៃប្រទេសទាំងពីរនិងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថា នឹងមិនមានភាពតានតឹង ទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់ កិច្ចសហការ លើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍ នៃប្រទេសទាំងពីរនោះឡើយ ។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអំពាវនាវ បងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះ ឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់
រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ ។
សម្តេចតេជោបានបញ្ជាក់ថា យើងស្អប់សង្គ្រាម តែយើងបង្ខំចិត្តត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពាន របស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ៣គឺយោធា ការទូត និងផ្លូវច្បាប់ ៕
ដោយ ៖ វណ្ណលុក
