សមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៥ បញ្ចប់ដោយជោគជ័យ
(កំពង់ឆ្នាំង)៖ សមយុទ្ធនាគមាស ឆ្នាំ២០២៥ របស់កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ក្រោមប្រធានបទ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការងារសង្គ្រោះមនុស្សធម៌” នៅកម្ពុជា បានប្រារព្ធពិធីបិទ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧត្តមនាវីឯក វួយ វិន ហួយ “Wel Wenhul” មេបញ្ជាការរង តំបន់យោធភូមិភាគខាងត្បូង នៃកងទ័ព រំដោះប្រជាជនចិន ។

តាមរយៈការទស្សនាការសម្តែងប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ការដឹកនាំសមយុទ្ធនៅទីបញ្ជាការ និងរបាយការណ៍របស់ក្រុមការងារដឹកនាំសមយុទ្ធ “នាគមាស-ឆ្នាំ២០២៥” បានបង្ហាញថា កងទ័ពប្រទេសទាំងពីរ បានសហការគ្នាប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងមានសាមគ្គីភាពយ៉ាងល្អក្នុងភាពជាដៃគូរសម្រាប់ឆ្លើយតបការគម្រាមកំហែងសន្តិសុខគ្រប់បែបយ៉ាង ទាំងនៅលើគោក និងនៅលើសមុទ្រ រួមចំណែកធ្វើឲ្យផលប្រយោជន៍ជាតិនិងប្រជាជនទាំងពីរ ត្រូវបានធានាការពារយ៉ាងរឹងមាំ ក៏ដូចជា រួមវិភាគទានដល់ការគាំពារសន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោក។

សមយុទ្ធនាពេលនេះ បានរៀបចំទាំងនៅទីបញ្ជាការ និងអនុវត្តជាក់ស្តែងលើទីលាន នៅលើដីគោកនិងអាកាស និងលើសមុទ្រនិងអាកាស ដោយប្រើប្រាស់យុទ្ធោបករណ៍ និងយោធបរិក្ខារដែលមានបច្ចេកវិទ្យាទំនើប ដូចជា បរិក្ខារគ្មានមនុស្សបើក “Drone”, សុនខយន្ត “Robot Dog”, មនុស្សយន្តវះកាត់ “Surgical Robot” ដោយមានកម្លាំងកងទ័ពចូលរួមជាង ២ពាន់នាក់ សំដៅលើកកម្ពស់សមត្ថភាពកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជំនាញពាក់ព័ន្ធ បានរៀនសូត្រដកបទពិសោធន៍ លើជំនាញប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌ ដែលមានន័យថា ជាការពង្រឹងសាមគ្គីភាពកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បីត្រៀមខ្លួនរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់ និងសកលលោក ។

លទ្ធផលដ៏ល្អប្រសើរនៃសមយុទ្ធលើកនេះ គឺផ្តើមចេញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរបស់រដ្ឋាភិបាល និងកងទ័ពទាំងពីរកម្ពុជា-ចិន ។ ជារួម សមយុទ្ធរយៈពេល១៥ថ្ងៃនេះ បានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យគួរជាទីមោទនៈ ។

ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវមោទនភាពបំផុត ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទី៧ នៃលំហាត់សមយុទ្ធ “នាគមាស-២០២៥” នាពេលនេះ ធ្វើឱ្យកងទ័ពប្រទេសទាំងពីរទទួលបានឱកាសថ្មីមួយទៀតក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ច សហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាពការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ និងសកលលោក។ សមយុទ្ធឆ្នាំ២០២៥នេះ សំដៅចូលរួមពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ។

កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍសមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តាំផ្ញើដល់គ្រប់កងឯកភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត បន្តធ្វើសមយុទ្ធរួមគ្នា ហើយប្រែក្លាយសមយុទ្ធនាគមាសទៅជាយន្តការដ៏សំខាន់មួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់កងទ័ពទាំងពីរ និងប្រើជាបទពិសោធន៍សម្រាប់រៀបចំសមយុទ្ធជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍យោធាផ្សេងទៀតនៅកម្ពុជាផងដែរ ៕
ដោយ ៖ វណ្ណលុក
រូបថត ៖ FN
