Trump ព្រមានអ៊ីស្រាអែលបើហ៊ានវាយប្រហារអ៊ីរ៉ង់

បរទេស៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានព្រមានអ៊ីស្រាអែល បើហ៊ានវាយប្រហារប្រទេសអ៊ីរ៉ង់។

ប្រធានាធិបតីវ័យ ៧៨ឆ្នាំ រូបនេះ បានអះអាងថា លោកបានព្រមាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រឆាំងនឹងផែនការវាយប្រហារអ៊ីរ៉ង់ ដោយនិយាយថា «វានឹងមិនសមស្រប» ចំពេលមានកិច្ចពិភាក្សា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយ ទីក្រុងតេអេរ៉ង់។

លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅពេលសួរថា តើលោកពិតជាបានប្រាប់លោក Netanyahu តាមរយៈការហៅទូរស័ព្ទ កាលពីសប្តាហ៍មុន មែនទេ? លោកបានឆ្លើយថា «បាទ និយាយដោយស្មោះត្រង់ ខ្ញុំបានធ្វើ…ខ្ញុំមិនគិតថា វាសមរម្យទេ ឥឡូវនេះ»។ លោក Donald Trump បានបន្ថែមថា «យើងកំពុងមានកិច្ចពិភាក្សាដ៏ល្អជាមួយអ៊ីរ៉ង់…យើងជិតរកដំណោះស្រាយបានហើយ…នោះនឹងអាចសង្គ្រោះជីវិត បានច្រើន»។

ការលើកឡើង របស់លោក Trump បានកើតមាន ក្រោយលេចលឺដំណឹងថា អ៊ីស្រាអែលគំរាមវាយប្រហារ ទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ និង ក្រុងវ៉ាស៊ីនតោន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បានធ្វើកិច្ចចរចា ចំនួន៥ជុំ ផ្តោតលើបញ្ហានេះ ដែលជាទំនាក់ទំនងកម្រិតខ្ពស់បំផុត របស់ពួកគេ ចាប់តាំងពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក Trump កាលពីឆ្នាំ២០១៨៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner