Elon Musk ប្រកាសដើរចេញពីលោកTrump ជាផ្លូវការ
បរទេស ៖ លោក មហាសេដ្ឋី Elon Musk កាលពីថ្ងៃពុធ បានបញ្ជាក់ជាផ្លូវការ អំពីការចាកចេញពីមុខតំណែង ជាមេនាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាលអាមេរិក ក្រោមរដ្ឋបាល របស់លោក Donald Trump។
បុរសអ្នកមានជាងគេលើលោក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង ឡានអគ្គិសនី Tesla រូបនេះ បាននិយាយថា លោកនឹងដើរចាកចេញ ពីមុខតំណែងនេះ ពោលគឺបន្ទាប់ពីបានដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដ៏ចម្រូងចម្រាស ដើម្បីកាត់បន្ថយការចំណាយ របស់សហព័ន្ធ។
លោក បានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកថា «ពេលវេលាកំណត់របស់ខ្ញុំ ក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេស បានមកដល់ទីបញ្ចប់ ខ្ញុំសូមអរគុណដល់ប្រធានាធិបតី Donald Trump សម្រាប់ឱកាស កាត់បន្ថយការចំណាយខ្ជះខ្ជាយ»។
លោក Elon Musk ត្រូវបានគេកំណត់ថា ជា «បុគ្គលិករដ្ឋាភិបាលពិសេស» ដែលអនុញ្ញាតឱ្យធ្វើការងារ ពាក់ព័ន្ធកិច្ចការសហព័ន្ធអាមេរិក រយៈពេល១៣០ថ្ងៃ ជាប្រចាំឆ្នាំ។ រាប់ចាប់ពីថ្ងៃស្បថចូលកាន់តំណែង របស់លោក Trump កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥មក នឹងឈានដល់កម្រិតកំណត់ ត្រឹមចុងខែឧសភានេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត