កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្រ្តីលើកទី៤ ស្ដីពីការងារកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវក្រុមការងារត្រី-វិស័យ ដែលខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត មានផែនការមេច្បាស់លាស់ កំណត់អាទិភាពនិងដាក់មធ្យោបាយរួម មានការគិតគូរជាលក្ខណៈបុរេសកម្ម ស្តែងចេញជាលទ្ធផលជួយដល់ប្រជាជននៅមូលដ្ឋានឱ្យមានជីវភាពប្រសើរឡើង មានភោគផលសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យបន្តការងារនេះ ដើម្បីជំរុញឱ្យមានសន្ទុះលឿនជាងមុនបន្ថែមទៀត។

ការថ្លែងកោតសរសើរ និងវាយតម្លៃដូចនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ដ្រី អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ស្ដីពីការងារសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ នៅទីស្តីការក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសហប្រធាន ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមសហប្រធាន ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយក្រុមការងារលេខាធិការដ្ឋានត្រី-វិស័យ និងមន្រ្តីជំនាញនៃក្រសួងទាំងបី។

កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ រៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពលើ របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រី-វិស័យបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៣, សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល២០២៥-២០២៧ និងការរៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល ៥ឆ្នាំ២០២៦-២០៣០។

ក្រុមការងារអន្តរក្រសួងត្រី-វិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ បានបង្កើតឡើងដើម្បីជំរុញកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍ជនបទ លើកស្ទួយកំណើនសេដ្ឋកិច្ច ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្របសម្រួលឱ្យមានភាពបន្ស៊ីគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕

ដោយ ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner