វិញ្ញាសាប្រណាំងកង់ភ្នំ XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្ររំពឹងជួយវិស័យទេសចរណ៍បានច្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង់កង់ភ្នំ លោក យឿន ភីយុទ្ធ បានថ្លែងបញ្ជាក់ថា ក្រោមការជួយជ្រំជ្រែងពីសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឧបត្ថម្ភដោយហាងកង់ FLYING BIKES និងបណ្តាក្រុមហ៊ុនមួយចំនួន ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ KAMPONG SPEU MTB CHELLENGE 2025 នឹងរៀបចំការប្រណាំងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំ ក្រាំងអំពិល ក្នុងទឹកដី ខេត្ត កំពង់ស្ពឺ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងខាងលើ បានរំលេចថា ក្នុងព្រឹត្តិការណ៍ប្រណាំងរយៈពេល២ថ្ងៃនេះ គណៈកម្មការរៀបចំការប្រកួតបានបញ្ចូលវិញ្ញាសាប្រណាំងថ្មីមួយបន្ថែមទៀត គឺXCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រ ដោយប្រើប្រាស់ថេរៈវេលាប្រណាំងប្រមាណជាជាង២ម៉ោងកន្លះ ធ្វើការប្រណាំងនៅថ្ងៃទី២១។ខណៈដែលវិញ្ញាសាប្រណាំងXCO MOUNTAIN BIKE CROSS COUNTRY OLYMPIC ដែលជាវិញ្ញាសាប្រណាំងជារៀងរាល់ឆ្នាំ គឺធ្វើនៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៥។

លោក យឿន ភីយុទ្ធ បានបញ្ជាក់ទៀតថា វិញ្ញាសា XCM Mountain Bike Marathon ដែលជាវិញ្ញាសាថ្មីបញ្ចូលទៅក្នុងកម្មវិធីប្រណាំងក្នុងឆ្នាំ២០២៥នេះ គឺជាវិញ្ញាសាដែលថ្មីបំផុតសម្រាប់ប្រទេសកម្ពុជា ដែលរំពឹងខ្ពស់ថា នឹងរួមចំណែកយ៉ាងខ្លាំងក្នុងការទាក់ទាញទេសចរបរទេសមកកំសាន្តនៅកម្ពុជា តាមរយៈការចូលរួមប្រណាំង។ ខណៈដែលបច្ចុប្បន្នវិញ្ញាសាថ្មីនេះ ទទួលបានជនជាតិបរទេសចុះឈ្មោះចូលរួមប្រណាំងបានចំនួន៣០នាក់ទៅហើយ។

អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំរូបនេះ បានអំពាវនាឱ្យកីឡាករកីឡាការិនីកម្ពុជាដែលមានបំណងចង់សាកល្បងចូលរួមប្រណាំងក្នុងវិញ្ញាសាថ្មីនេះ អាចចុះឈ្មោះចូលរួមតាមរយៈផេកហ្វេសបុករបស់ FLYINGBIKES EVENTS ក្នុងតម្លៃ២០ដុល្លារ ខណៈដែលវិញ្ញាមួយនេះ ការចុះឈ្មោះប្រណាំងនៅបរទេសតម្លៃចាប់ពី១០០ដុល្លារឡើងទៅ។ វិញ្ញាសាថ្មី XCM Mountain Bike Marathon ចម្ងាយ៤៣.៥គីឡូម៉ែត្រដែលប្រណាំងនៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៥ ជាការរៀបចំសាកល្បង ប្រសិនបើទទួលបានជោគជ័យ មានអ្នកឧបត្ថម្ភ និងមានចូលរួមប្រកួតច្រើននោះ វិញ្ញាសាថ្មីមួយនេះ នឹងមានវត្តមានប្រកួតនៅខេត្តផ្សេងៗនៅចុងឆ្នាំ២០២៥ ដែលជាការរូលរួមចំណែកផ្សព្វផ្សាយពីសក្កានុពលទេសចរតំបន់ក្នុងប្រទេសកម្ពុជា៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner