អ្នកសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័ន ទស្សនកិច្ច​សំណង់ផ្ទះខ្មែរ ដែលកែច្នៃជាភោជនីយដ្ឋាននៅខេត្តសៀមរាប

សៀមរាប​៖ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី ១០ ស្ថាប័ន បានធ្វើទស្សនកិច្ចស្វែងយល់អំពីសំណង់ផ្ទះ​ខ្មែរ​បុរាណ ដែលបាន​កែច្នៃ​ទៅជាភោជនីយដ្ឋាន មានឈ្មោះថា “ម៉ែឌី” ស្ថិតនៅភូមិមណ្ឌល​២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក សែត កៅ​ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប​ដែល​រៀបចំទស្សនកិច្ចបែបទេសចរណ៍កាលពីថ្ងៃទី២៧ ខែឧសភា បានបញ្ជាក់ថា សំណង់​ផ្ទះខ្មែរនេះគឺជាការបង្កើតឡើងក្នុងគោល​បំណងអភិរក្សសំណង់បុរាណរបស់ជាតិ ដោយបង្ហាញពីស្ថាបត្យកម្ម​ខ្មែរពី​សម័យ​អង្គរ ដែលមិនចម្លងពីបរទេសឡើយ។លោកបន្ថែមថា ជារូបភាពបញ្ជាក់ដល់​ពលរដ្ឋខ្មែរឱ្យចងចាំពីអតីតកាល និងជា​ឧបករណ៍សិក្សាសម្រាប់យុវជននិងភ្ញៀវទេសចរដែលចង់ស្វែង​យល់អំពី​វប្បធម៌ខ្មែរ។

ចំណែកកែច្នៃបង្កើតជាភោជនីយដ្ឋាន ត្រូវលោកប្រធានសមាគម​បញ្ជាក់បានរួមចំណែកក្នុងការបង្កើតការងារឱ្យយុវជនខ្មែរ ជាពិសេស​ចំពោះក្រុមគ្រួសារដែលរស់នៅតំបន់ជនបទ។សមាគមបានជ្រើស​រើសនិងបណ្តុះបណ្តាលយុវជនទាំង​នេះ​ផ្នែកបដិសណ្ឋារកិច្ច ដូចជា​ចុងភៅ អ្នកបម្រើ ដែលទាំងអស់ជាកូនខ្មែរនិងបម្រើអតិថិជនជាមួយ​ម្ហូបបែបខ្មែរបុរាណ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner