អ្នកសារព័ត៌មានជាតិ អន្តរជាតិ មកពី១០ស្ថាប័ន ទស្សនកិច្ចសំណង់ផ្ទះខ្មែរ ដែលកែច្នៃជាភោជនីយដ្ឋាននៅខេត្តសៀមរាប
សៀមរាប៖ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកពី ១០ ស្ថាប័ន បានធ្វើទស្សនកិច្ចស្វែងយល់អំពីសំណង់ផ្ទះខ្មែរបុរាណ ដែលបានកែច្នៃទៅជាភោជនីយដ្ឋាន មានឈ្មោះថា “ម៉ែឌី” ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាបដែលរៀបចំទស្សនកិច្ចបែបទេសចរណ៍កាលពីថ្ងៃទី២៧ ខែឧសភា បានបញ្ជាក់ថា សំណង់ផ្ទះខ្មែរនេះគឺជាការបង្កើតឡើងក្នុងគោលបំណងអភិរក្សសំណង់បុរាណរបស់ជាតិ ដោយបង្ហាញពីស្ថាបត្យកម្មខ្មែរពីសម័យអង្គរ ដែលមិនចម្លងពីបរទេសឡើយ។លោកបន្ថែមថា ជារូបភាពបញ្ជាក់ដល់ពលរដ្ឋខ្មែរឱ្យចងចាំពីអតីតកាល និងជាឧបករណ៍សិក្សាសម្រាប់យុវជននិងភ្ញៀវទេសចរដែលចង់ស្វែងយល់អំពីវប្បធម៌ខ្មែរ។

ចំណែកកែច្នៃបង្កើតជាភោជនីយដ្ឋាន ត្រូវលោកប្រធានសមាគមបញ្ជាក់បានរួមចំណែកក្នុងការបង្កើតការងារឱ្យយុវជនខ្មែរ ជាពិសេសចំពោះក្រុមគ្រួសារដែលរស់នៅតំបន់ជនបទ។សមាគមបានជ្រើសរើសនិងបណ្តុះបណ្តាលយុវជនទាំងនេះផ្នែកបដិសណ្ឋារកិច្ច ដូចជាចុងភៅ អ្នកបម្រើ ដែលទាំងអស់ជាកូនខ្មែរនិងបម្រើអតិថិជនជាមួយម្ហូបបែបខ្មែរបុរាណ៕
ដោយ៖ប៊ុនរដ្ឋា

