សេចក្តីថ្លែងការណ៍អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ជុំវិញជំនួប​ចរចារ​រវាងកម្ពុជា-ថៃ នាព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់​អាវុធរវាងកង​ទ័ពប្រទេសទាំង២

(ភ្នំពេញ)៖ អគ្គបញ្ជាការកងទ័ពជើងគោកនៃកងយោធពល​ខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ជុំវិញ​ជំនួបចរចារ​រវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់​អាវុធ​រវាងកងទ័ពប្រទេសទាំង២ ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពល​ខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការកងទ័ពជើងគោក បានឱ្យដឹងទៀតថា នៅក្នុងជំនួបចរចាទទួលបានលទ្ធផល​ដូច​ខាងក្រោម៖

១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការ​ដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមា​ព្រំដែន​គោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។

២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការ​ព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាព​ទឹកដី​ទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

ភាគីទាំងពីរបានឯកភាព និងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចារត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner