អាល្លឺម៉ង់បញ្ចេញកញ្ចប់ជំនួយថ្មី ៥ពាន់លានដុល្លារដល់អ៊ុយក្រែន តែមិនឱ្យមីស៊ីលចម្ងាយឆ្ងាយទេ
ប៊ែរឡាំង ៖ អាល្លឺម៉ង់បានបញ្ចេញកញ្ចប់ជំនួយយោធាទំហំ ៥.៦៥ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងកំលុងជំនួបរវាងអធិបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន The Kyiv Independent កញ្ចប់ជំនួយថ្មីនេះ ស៊ីញ៉េដោយប្រមុខការពារជាតិអាល្លឺម៉ង់ និងអ៊ុយក្រែន ក្នុងនោះរួមមានទាំងការវិនិយោគអាល្លឺម៉ង់ដោយផ្ទាល់នៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងសន្ធិសញ្ញាទូលំទូលាយរវាងទីក្រុងកៀវ និងក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងថ្មីនេះ អាល្លឺម៉ង់នឹងជួយផ្តល់មូលនិធិដល់ការផលិតប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយនៅអ៊ុយក្រែន ដោយប្រើប្រាស់សមត្ថភាពឧស្សាហកម្ម និងជំនាញបច្ចេកទេសដែលមានស្រាប់របស់ប្រទេសនេះ។
ផ្អែកតាមក្រសួងការពារជាតិអាល្លឺម៉ង់ ប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយទាំងនេះមួយចំនួនធំ ត្រូវបានរំពឹងថា នឹងផលិតរួចរាល់នៅចុងឆ្នាំ២០២៥ ហើយក្រុមដំបូងនឹងត្រូវដាក់ពង្រាយប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ទន្ទឹមគ្នា អាល្លឺម៉ង់ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តផ្គត់ផ្គង់គ្រាប់រំសេវ និងអាវុធសំខាន់ៗដល់អ៊ុយក្រែន។ តួយ៉ាង សព្វាវុធដែលនឹងដឹកទៅកាន់ទីក្រុងកៀវ រួមមានប្រព័ន្ធការពារអាកាស កាំភ្លើងធំ ប្រព័ន្ធអាវុធបាញ់ចេញពីដីគោក និងកាំភ្លើងខ្លី។ ប៉ុន្តែជំនួយមីស៊ីល Taurus ដែលអាចវាយប្រហារក្នុងចម្ងាយ ៥០០គីឡូម៉ែត្ររបស់អាល្លឺម៉ង់ មិនមានក្នុងកញ្ចប់ជំនួយយោធាទេ៕
ប្រភព ៖ The Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា
