បេសកជនប៉ាឡេស្ទីនប្រចាំយូអិនហូរទឹកភ្នែកពេលរៀបរាប់ពីការស្លាប់របស់កុមារហ្កាហ្សា
ញូវយ៉ក ៖ ខុសពីសព្វមួយដង កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ (UNSC) កាលពីថ្ងៃពុធ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសក្តុកត្តួលរំជួលចិត្ត ពេលលឺឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Riyad Mansour បានថ្លែងទាំងសម្រក់ទឹកភ្នែករៀបរាប់ពីទុក្ខវេទនា និងការស្លាប់របស់កុមារប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបនហ្កាហ្សា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera លោក Mansour បានលើកឡើងពីករណីរបស់អ្នកគ្រូពេទ្យ Alaa al-Najjar ជាវេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីន ដែលបានបាត់បង់កូនចំនួន៩នាក់ ក្នុងចំណោម១០នាក់របស់អ្នកស្រី បន្ទាប់ពីពួកគេត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យដែលអ្នកស្រីធ្វើការ ទាំងពួកគេបានស្លាប់រួចទៅហើយ។ នេះជាភាពភ័យខ្លាច និងរបួសផ្លូវចិត្ត ដែលពុំអាចយល់បាន និងមិនអាចទ្រាំទ្របាន។
ថ្លែងទាំងទឹកភ្នែក និង ក្តីអាណិតអាសូរកុមារហ្កាហ្សា លោក Mansour បានប្រាប់កិច្ចប្រជុំ UNSC ថា កុមារប៉ាឡេស្ទីនជាង ១.៣០០នាក់ត្រូវបានសម្លាប់ និងប្រហែល ៤.០០០នាក់រងរបួស ចាប់តាំងពីអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា បន្ទាប់ពីការដួលរលំបទឈប់បាញ់កាលពីខែមីនា។
ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ៥៣.០០០នាក់ ត្រូវបានសម្លាប់ និងជាង ១២១.០០០នាក់បានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា