អ៊ីស្រាអែលថា បានសម្លាប់មេធំរបស់ក្រុមហាម៉ាស់
បរទេស៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល
បានអះអាងថា យោធារបស់ខ្លួនបានសម្លាប់ លោក Mohammed Sinwar
ដែលជាមេធំ របស់ក្រុមប្រដាប់អាវុធ ហាម៉ាស់ និង ជាមនុស្ស ដែលអ៊ីស្រាអែល តាមប្រមាញ់ ខ្លាំងបំផុត នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។
អំឡុងពេលការជជែកដេញដោលពិសេសមួយ នៅក្នុងសភាអ៊ីស្រាអែល កាលពីថ្ងៃអង្គារ លោក Netanyahu បានអះអាងថា លោក Mohammed Sinwar ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដ៏ធំ របស់អ៊ីស្រាអែល នៅហេដ្ឋារចនាសម្ព័ន្ធក្រោមដី ស្ថិតក្នុងទីក្រុង Khan Younis ភាគខាងត្បូង តំបន់ហ្គាហ្សា។
ក្រុម ហាម៉ាស់ មិនបានបញ្ជាក់ ឬ បដិសេធ ចំពោះការស្លាប់របស់ លោក Sinwar នោះទេ។ បុរស វ័យ៤៩ឆ្នាំ រូបនេះ បានចូលរួមជាមួយ Hamas ភ្លាមៗ បន្ទាប់ពី ស្លាបប្រដាប់អាវុធ មួយនេះ ត្រូវបានបង្កើតឡើង នៅចុងទសវត្សរ៍ ឆ្នាំ១៩៨០។ បុគ្គល រូបនេះ បានឡើងឋានន្តរស័ក្តិ បន្តបន្ទាប់ ហើយនៅឆ្នាំ២០០៥ ហើយ បានក្លាយ ជាមេបញ្ជាការកងពលតូច Khan Younis មុនពេលឡើងធ្វើជា មេធំហាម៉ាស់ ប្រចាំនៅតំបន់ហ្គាហ្សា ជំនួសអ្នកមុនៗ ដែលត្រូវបានអ៊ីស្រាអែល សម្លាប់បន្តបន្ទាប់។
លោក ត្រូវបានគេជឿថា ជាមេខ្លោងម្នាក់ នៃការវាយប្រហារឆ្លងព្រំដែនឆ្នាំ ២០០៦ ដោយកាលនោះ មានការចាប់ពង្រត់ទាហានអ៊ីស្រាអែលម្នាក់ឈ្មោះ Gilad Shalit ប៉ុន្តែ ក្រោយមក Shalit ត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ឃុំ រយៈពេល៥ឆ្នាំ ដោយដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន ជាង១,០០០នាក់ នៅក្នុងគុក របស់អ៊ីស្រាអែល។
លោក Mohammed Sinwar ក៏ត្រូវបានគេរាយការណ៍ថា ជាអ្នកបានផ្សំគំនិត រៀបផែនការ វាយប្រហារ អ៊ីស្រាអែល នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ សម្លាប់មនុស្ស ជាង១,០០០នាក់ ចាប់ចំណាប់ខ្មាំង ជាង២៥០នាក់ ដែលជាចំណុចចាប់ផ្តើមសង្គ្រាម អូសបន្លាយ ជាង២០ខែមកនេះ។
ចាប់ពីពេលនោះមក អ៊ីស្រាអែលបានបន្តវាយសង្ក្រុប នៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សស្លាប់ ជាង៥,៤០០០នាក់ហើយនេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត
