បណ្ដាប្រធានបក្សនយោបាយ ពេញចិត្តចំពោះការចងសម្ព័ន្ធ និងរំពឹងពីលទ្ធផលជាវិជ្ជមានបន្ថែមទៀត ក្នុងជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបជាមួយប្រធានគណបក្សសម្ព័ន្ធភាពចំនួន ២៧ផ្សេងទៀត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧មករា ។
ចាប់តាំងពីបង្កើតសម្ព័ន្ធភាព រហូតមកដល់ពេលនេះ គឺមានរយៈពេលជាង ២ឆ្នាំហើយ ដែលគណបក្សទាំង ២៨ បានចងសម្ព័ន្ធភាព។ ប្រធានគណបក្សមួយចំនួន បានបង្ហាញការពេញចិត្តចំពោះការចងសម្ព័ន្ធនេះ និងរំពឹងពីលទ្ធផល ជាវិជ្ជមានបន្ថែមទៀតក្នុងជំនួបជាមួយប្រធាន គណបក្សប្រជាជនកម្ពុជា ដោយបណ្ដាគណបក្សក្នុងសម្ព័ន្ធភាពនយោបាយជាមួយបក្សកាន់អំណាច បានបង្ហាញ ការពេញចិត្តដោយបានរួមចំណែកជួយដល់រដ្ឋាភិបាល និងការពារប្រយោជន៍របស់ប្រជាជន ។
ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានលើកឡើងថា ចាប់តាំងពីចូលរួមសម្ព័ន្ធភាពមក បានធ្វើការយ៉ាងរលូន ជាពិសេស គឺការចូលរួមក្នុងការថែរក្សាសន្ដិភាព អភិវឌ្ឍន៍ប្រទេសកម្ពុជា ជាងនេះ ក៏អាចធ្វើការរិះគន់ ក្នុងន័យស្ថាបនា រដ្ឋាភិបាល តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
ចំណេកប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងដែរថា ជាទូទៅគណបក្សក្នុងសម្ព័ន្ធភាព ទាំង ២៨ តែងប្រជុំជាមួយគ្នាយ៉ាងហោច ១ខែ ម្ដង ដើម្បីពិនិត្យមើលពីបញ្ហាសង្គម នយោបាយផ្សេងៗ។ លោកវាយ តម្លៃបានថា ជារឿងល្អដែលអាចនាំគណបក្សនយោបាយ យករឿងមកជជែកវែកញែក រកខុសត្រូវ ដើម្បីសង្គមជាតិ តារយៈលើកយកមតិយោបល់កន្លែងណាវិជ្ជមាន កន្លែង ណាអវិជ្ជមាន យើងលើកកែតម្រូវគ្នា ជជែកគ្នាដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន មិនធ្វើនយោបាយកាប់ចាក់ ស៊ីសាច់ហុតឈាមគ្នាដូចអ្នកនយោបាយជំនាន់មុនទេ ។
ដោយឡែក លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានថ្លែងថា ចាប់តាំងពីចងសម្ព័ន្ធដល់បច្ចុប្បន្ន គឺ មានការរីកចម្រើនច្រើន ទាំងទំនាក់ទំនង ការពិភាក្សា និង ការរក្សានយោបាយក្នុងប្រទេសមានស្ថេរភាពល្អបម្រើដល់ ប្រយោជន៍ប្រជាជន ។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើក ឡើងថា ភាពរឹងមាំមកជាង ២ឆ្នាំនេះ ដោយសារតែវិន័យ និងបម្រើគោលដៅរួម គឺសន្ដិភាព ។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






